រដ្ឋមន្ត្រីមហាផ្ទៃកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធ ក្នុងប្រតិបត្តិការសង្គ្រោះ និងពន្លត់ អគ្គិភ័យនៅស្រុកស្វាយអន្ទរ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា សម្ដែងការកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរ និងកងកម្លាំងចម្រុះ ក្នុងប្រតិបត្តិការសង្គ្រោះ និងពន្លត់ប្រកបដោយវិជ្ជាជីវៈ និងការលះបង់ខ្ពស់ ចំពោះករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកស្វាយអន្ទរ។
លោក ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្ត អាជ្ញាធរ និងកងកម្លាំងចម្រុះ ជាពិសេសកម្លាំងពន្លត់អគ្គិភ័យ ដែលបានប្រតិបត្តិការសង្គ្រោះ និងពន្លត់ប្រកបដោយវិជ្ជាជីវៈ និងការលះបង់ខ្ពស់ និងស្នើដល់ពលរដ្ឋកុំមានការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមានផ្សេងៗ រហូតឈានដល់ការប្រើពាក្យសម្ដីមិនសមរម្យលើសមត្ថកិច្ច ឬអាជ្ញាធរ និងការចូលទៅរំខានផ្សេងៗ ក៏មិនគួរកើតមានឡើយ ក្នុងពេលដែលពួកគាត់កំពុងយកជីវិតទៅប្ដូរដើម្បីពួកយើង។
លោកថ្លែងថា៖«ស៊ូស្លាប់បាកុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេកុំឱ្យភ្លើងឆេះផ្ទះ យើងក៏យល់ច្បាស់នូវអារម្មណ៍ភ័យព្រួយខ្លាំងរបស់ប្រជាពលរដ្ឋដូចគ្នាដែរ។ យ៉ាងណាក៏ដោយ សូមបងប្អូនទុកលទ្ធភាពនេះ ជូនសមត្ថកិច្ចធ្វើការបានពេញដៃពេញជើង ពីព្រោះមានតែសមត្ថកិច្ចជំនាញទេដែលមានបទពិសោធ និងមានការសន្និដ្ឋានបែបបច្ចេទេសចំពោះសភាពការណ៍ជាក់ស្ដែង ជាពិសេសគោលដៅអាទិភាពត្រូវបាញ់ទឹកពន្លត់បន្ទាន់ និងគោលដៅបន្ទាប់ត្រូវការពារជាដើម»។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពាវនាវដល់ជនរួមជាតិទូទាំងប្រទេសឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែចំការ និងព្រៃជាដើម ជាពិសេសក្នុងស្ថានភាពដែលកំពុងស្ថិតក្នុងរដូវក្តៅ និងស្នើកម្លាំងពន្លត់អគ្គិភ័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តត្រៀមលក្ខណៈប្រតិបត្តិការផ្ដល់សេវាជួយសង្គ្រោះជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។
គួរឱ្យដឹងដែរថា ទីតាំងកើតមានគ្រោះអគ្គិភ័យនោះ ជាផ្ទះប្រជាពលរដ្ឋ ២ល្វែង ដែលមានស្តុកលក់គ្រឿងម៉ាស៊ីន និងប្រេងម៉ាស៊ីន។ ក្នុងគ្រានោះ ផ្ទះត្រូវបានម្ចាស់ចាក់សោពីរជាន់ គឺសោខាងមុខជាប់សំយាបផ្ទះ និងសោចូលទៅក្នុងផ្ទះ។ ដោយឃើញស្ថានភាពស្មុគស្មាញ និងភ្លើងឆេះមានហានិភ័យធ្ងន់ធ្ងរ លោក ឈឿន ប៊ុនឆន ស្នងការ នៃស្នងដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាឱ្យអធិការដ្ឋានក្រុង និងស្រុកផ្សេងទៀត បញ្ចេញរថយន្តពន្លត់អគ្គិភ័យ មកគាំទ្របន្ថែម។
ក្នុងអំឡុងពេលដែលសមត្ថកិច្ច កំពុងធ្វើប្រតិបត្តិការនោះ មានប្រជាពលរដ្ឋ បានចោមរោមយ៉ាងច្រើន ហើយក្នុងនោះក៏មានប្រជាពលរដ្ឋដែលមានផ្ទះក្បែរទីតាំងកើតហេតុ (ទំនងមានការព្រួយបារម្ភ និងភិតភ័យខ្លាំង) បានព្យាយាមជ្រៀតខ្លួនចូលក្នុងចំណោមកម្លាំងសមត្ថកិច្ច ដើម្បីប៉ុនប៉ងអូសទាញកម្លាំង បង្វែរទុយោទឹក ឱ្យបាញ់ទៅលើផ្ទះរបស់ខ្លួន រហូតមានពលរដ្ឋខ្លះ បានដណ្ដើមទុយោទឹក និងប្រើពាក្យសម្ដីមិនសមរម្យទៅលើសមត្ថកិច្ចទៀតផង។
ផ្អែកលើរបាយការណ៍របស់ស្នងការខេត្តព្រៃវែង ការសម្រេចចិត្តផ្ដោតលើគោលដៅកំពុងឆេះខ្លាំង ដែលធ្វើឱ្យពលរដ្ឋខ្លះមិនសប្បាយចិត្តនាពេលនោះ គឺដោយសារជំនាញបានសន្និដ្ឋានច្បាស់ថា ប្រសិនបើមិនពន្លត់ភ្លើងនៅផ្ទះ ២ល្វែង បានទាន់ពេលទេ ជញ្ជាំងសងខាងនឹងត្រូវប្រេះបាក់បណ្ដាលឱ្យភ្លើងបន្តចេះរាលដាលបន្ថែមទៅផ្ទះជាប់នោះមិនខានឡើយ។ ម្យ៉ាងផ្ទះក្បែរនោះ ក៏មានគ្រឿងឈើ បរិក្ខារពេទ្យ និងផ្ទះប្ដូរប្រាក់ទៀតផង៕