
កម្ពុជា-ថៃ ជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរ ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងគណបក្សទាំងពីរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំកម្ពុជា-ថៃ បានផ្លាស់ប្ដូរទស្សនទាន និងបទពិសោធន៍ នៅក្នុងការកសាងបក្ស និងអភិបាលកិច្ចស្ថាប័នរដ្ឋ។ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញ កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការតភ្ជាប់លើហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ទន្ទឹមនោះ សម្តេចតេជោបានចែករំលែកពីស្ថានភាពសេដ្ឋកិច្ចបន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ ការស្វែងរកសន្តិភាព ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍ ការប្រែក្លាយតំបន់ ព្រំដែនទៅជា ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយគណៈប្រតិភូថៃនឹងទៅទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងវិមានឈ្នះ-ឈ្នះ ដើម្បីស្វែងយល់ ស្ថិរភាព និងការអភិវឌ្ឍ នៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ លើប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា ជាពិសេសលើនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពដូចសព្វថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបង្ហាញថា ទស្សនកិច្ចនេះ ក៏ជាការចូលរួមចំណែក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា និង “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបានប្រកាសនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
គួរឱ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា បានជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានជួបសម្តែងការគួរសមជាមួយ នឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។
ជាមួយគ្នានេះ លោកស្រីក៏បានសំណេះសំណាលផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំវ័យក្មេង ជាច្រើនរូប របស់គណបក្សប្រជាជនកម្ពុជា ដែលជាសមាជិករាជរដ្ឋាភិបាល និងសមាជិកសភា ក្នុងនោះរួមមាន ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ៕