កីឡា៖ អេហ្ស៊ីបបានក្លាយទៅជាប្រទេសទី ៥ ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួតមិត្តភាពអន្តរជាតិថ្មីរបស់ FIFA ដែលកំពុងទទួលបានការចាប់អារម្មណ៍ថាជាការប្រកួតមិត្តភាពទម្រង់ថ្មីដែលអាចអនុញ្ញាតឱ្យប្រទេសមកពីទ្វីបផ្សេងគ្នា កម្រនឹងអាចប្រកួតជាមួយគ្នា អាចជួបគ្នាដើម្បីប្រកួតដកស្រង់បច្ចេកទេស និងក្នុងគោលបំណងអភិវឌ្ឍន៍បាល់ទាត់បន្ថែមទៀត។
គួរបញ្ជាក់ថា ក្រោយការប្រកាសរៀបចំការប្រកួតនៅលើទឹកដីអេហ្ស៊ីបបន្ថែមនេះ មានន័យថាការប្រកួតមិត្ត FIFA Serie បានឈានដល់ការរៀបចំមាន ២៤ក្រុមមកពី ៣ទ្វីបផ្សេងៗគ្នា ខណៈការប្រកួតនៅទឹកដីអេហ្ស៊ីបនេះនឹងរៀបចំនៅថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនាខាងមុខនេះ ដោយមានក្រុមជម្រើសជាតិក្រូអាស៊ី, ទុយណេស៊ី, នូវែលហ្សេឡង់ និងម្ចាស់ផ្ទះអេហ្ស៊ីបផ្ទាល់។
ការប្រកួតនៅអេហ្ស៊ីបនេះនឹងធ្វើឡើងនៅទឹកដីកីឡដ្ឋានថ្មីរបស់អេហ្ស៊ីបដែលទើបសាងសង់រួចរាល់ មានចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត ទីក្រុងគែរ។ កីឡដ្ឋាននេះត្រូវបានឱ្យឈ្មោះថា កីឡដ្ឋាន អេហ្ស៊ីប (Egypt Stadium) ផ្ទុកទស្សនិកជនបាន ៩២,០០០នាក់ ជាកីឡដ្ឋានធំបំផុតលំដាប់ទី២ បន្ទាប់ពីកីឡដ្ឋាននៅប្រទេសអាហ្វ្រិកខាងត្បូង ដែលអាចផ្ទុកទស្សនិកជនបាន ៩៤,០០០នាក់។
ការប្រកួត FIFA Serie ជាលើកដំបូងនេះ រៀបចំឡើងនៅទឹកដីប្រទេសចំនួន ៥ រួមមាន អាល់ហ្សេរី, អាស៊ែបៃហ្សង់, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប និងស្រីលង្កា ខណៈក្រុមជម្រើសជាតិកម្ពុជា ក៏ត្រូវបានអញ្ជើញឱ្យចូលរួមការប្រកួតនេះដែរ ដោយកម្ពុជានឹងត្រូវប្រកួតទល់នឹងក្រុមជម្រើសជាតិហ្គីណេអេក្វាទ័រ (មកពីទ្វីបអាហ្វ្រិក) នៅថ្ងៃទី២២ ខែមីនា និងបន្តជួបជាមួយក្រុមជម្រើសជាតិហ្គីយ៉ាន់ (មកពីទ្វីបអាមេរិកខាងត្បូង) នាថ្ងៃទី២៦ ខែមីនា ដោយការប្រកួតទាំងពីរនេះធ្វើឡើងនៅទឹកដីអារ៉ាប៊ីសាអូឌីត៕