តាកែវ៖ រូបភាពពលរដ្ឋអង្គុយស្តាប់ការណែនាំរបស់មន្ត្រីនគរបាលរដ្ឋបាលគោកព្រេចនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់អំពីសារអប់រំ និងណែនាំពីគ្រឿងញៀន ចរាចរណ៍ និងក្មេងទំនើង ស្តែងចេញច្បាស់ៗថាជារូបភាពកាត់ត បានបង្កឱ្យមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងពីសំណាក់មហាជនចែករំលែកព្រោងព្រាត ព្រមទាំងបានកាត់តបញ្ជុលរូបបន្ថែមផងដែរ។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោកអនុសេនីយ៍ឯក ចេន មឿន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច បានដឹកនាំកម្លាំងចុះទៅ ធ្វើវេទិកាសាធារណៈផ្សព្វផ្សាយសារអប់រំនៅភូមិសំរោងខាងលិច ឃុំគោកព្រេច ស្រុកគិរីវង់ ប៉ុន្តែដោយសារមានតែពលរដ្ឋ៥នាក់ប៉ុណ្ណោះ ដោយគិតថាមនុស្សចូលរួមតិចពេក ក៏កាត់តរូបបន្ថែម ដើម្បីផ្ញើមកផ្នែកកិច្ចការប៉ុស្តិ៍ជារបាយការណ៍ ហើយអធិការដ្ឋានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានឃើញ និងចូលរួមបានច្រើន ពោលមិនមានគោលបំណងអ្វីផ្សេងឡើយ។
បើតាមស្នងការដ្ឋាននគរបាលខេត្តតាកែវ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច ត្រូវបានស្នងការដ្ឋាននគរបាលខេត្តតាកែវ ហៅមកអប់រំណែនាំ ដោយដកមកការិយាល័យបុគ្គលិកដើម្បីអប់រំកែប្រែកំហុសឆ្គង។ ដោយឡែកលោកអធិការរងទទួលការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអនុសេនីយ៍ឯក គិត សែនពិសិដ្ឋ នាយប៉ុស្តិ៍ស្តីទី ក៏ត្រូវបានធ្វើការអប់រំព្រមានលើកទី១ មូលហេតុខ្ជីខ្ជាលើការងារគ្រប់គ្រង៕