ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ ដោយហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងល្បែងជះទឹក ឬប៉ាតម្សៅ និង ល្បែងស៊ីសងជាដើម។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានណែនាំដល់រដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ យកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និង បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមមូលដ្ឋានរបស់ខ្លួន។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖«ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬ ប៉ាតម្សៅ និងការវាយដោយ រំពាត់ ឬ ឧបករណ៍រឹងផ្សេងៗដល់អ្នកដំណើរគ្រប់ប្រភេទ»។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យ ហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទដែលបង្កឱ្យ មានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរផងដែរ។
គួរឱ្យដឹងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ នឹងប្រព្រឹត្តទៅតាម ដំណើរសង្ក្រាន្តដូចតទៅ៖ ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:១៧នាទីយប់ (ម៉ោង ១០:១៧នាទីយប់) ជាថ្ងៃចូលឆ្នាំថ្មី។
ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត ថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃវ័នបត និង ថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ០៤ថ្ងៃ ចប់ដោយបរិបូណ៌ និងចូលឆ្នាំរោង ឆស័ក តរៀងទៅ៕