ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាជំរុញដំណើរការសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដី

ភ្នំពេញ៖ លទ្ធផលនៃការសិក្សាបឋម គម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកពិនិត្យពិភាក្សា ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនេះក៏ដោយមានការចូលរួមពី គណៈកម្មការអន្តរក្រសួង អ្នកតំណាងក្រុមហ៊ុន China Metro Group អ្នកតំណាងក្រុមហ៊ុន Guangzhou Metro Group ដែលជាអ្នកសិក្សាគម្រោង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group អំពីទស្សនាទានជារួមរបស់ទីក្រុងភ្នំពេញរួមមានទំហំទីក្រុង ចំនួនប្រជាពលរដ្ឋ ស្ថានភាពនៃការប្រើប្រាស់ផ្លូវថ្នល់ ក៏ដូចជាពិនិត្យលទ្ធភាពដំបូងលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ គម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាព ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ក៏ត្រូវបានក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ធ្វើបទបង្ហាញជូនគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យស្នើសុំធាតុចូលបន្ថែម។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសាវតាខ្លះៗកន្លងមកនៃការសិក្សាសមិទ្ធិលទ្ធភាពលើប្រទេសរថភ្លើងផ្សេងគ្នា ពីស្ថាប័នផ្សេងៗ ដើម្បីពិនិត្យមើលជម្រើសដែលសមសម្របសម្រាប់ទីក្រុងភ្នំពេញ រួមមានការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង AGT ដោយ JICA ជប៉ុន ការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទរថភ្លើង Monorail ដោយក្រុមហ៊ុន CCECC និងការសិក្សាសមិទ្ធិលទ្ធភាពលើប្រភេទផ្លូវរថភ្លើងក្រោមដី ដោយក្រុមហ៊ុន CCCC ផងដែរ។

គួរឱ្យដឹងដែរថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីនេះ គឺដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញ ចូលមកកាន់ទីក្រុង និងកាត់បន្ថយទំហំចរាចរណ៍ ដែលកំពុងតែមានការកើនឡើង និងមមាញឹកជាខ្លាំង នៅក្នុងរាជធានីភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក