រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតាក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ពោធិ៍សាត់៖ ក្នុងប្រតិបត្តិការបទល្មើសធនធាបធម្មជាតិ ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះបានឃ្លុំដីទំហំជិត៤ពាន់ហិកតាក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ។
សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានចុះអន្តរគមន៍ ឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ ហិកតា និង បានឃុំខ្លួនជនសង្ស័យ ០១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានចំនួនថែមទៀត។ កា
គួរបញ្ជាក់ថា ដោយមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការគ្រប់គ្រងធនធាធម្មជាតិនៅតាមភូមិសាស្រ្តនានាទូទាំងប្រទេស ប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចចម្រុះបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានធ្វើឡើងក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបញ្ជាការកងឯកភាពខេត្ត ដឹកនាំដោយឲ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ។
ទន្ទឹមនោះ ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយក្នុងនោះរួមមាន ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស និងពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ។
ក្នុងនោះ ក៏ត្រូវបន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមក និង ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០៕