ក្រុមហ៊ុន San Miguel ប្រកាសពីការធានាហិរញ្ញវត្ថុ ៣ពាន់លានដុល្លារសម្រាប់គម្រោងអាកាសយានដ្ឋានថ្មីរបស់ហ្វីលីពីន
ហ្វីលីពីន៖ ក្រុមហ៊ុនសាជីវកម្ម San Miguel Corp របស់ហ្វីលីពីនបានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនរបស់ខ្លួនបានទទួលហិរញ្ញប្បទានពីធនាគាររួចរាល់ហើយនូវកញ្ចប់ទឹកប្រាក់ប្រមាណ ១៧០,៦ ពាន់លានប៉េសូ (ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក) សម្រាប់គម្រោងប្រតិបត្តិការសាងសង់នូវអាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសដែនកោះតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានរយៈពេល ១៥ឆ្នាំ លោក Ramon Ang ដែលជាប្រធានក្រុមហ៊៊ុន San Miguel Corp បានថ្លែងប្រាប់មកកាន់ក្រុមអ្នកសារព័ត៌មានថា ធនាគារបានប្តេជ្ញាគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គ្រោងអាកាសយានដ្ឋានដ៏ធំបំផុតរបស់ហ្វីលីពីននេះរួចរាល់ហើយ ដោយផ្អែកលើគោលការណ៍នៃការរួមចំណែកភាគហ៊៊ុនរបស់ក្រុមហ៊ុនផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុនសាជីវកម្ម San Miguel Corp រួមជាមួយដៃគូរបស់ខ្លួនរួមមានក្រុមហ៊ុន Incheon International Airport Corp របស់កូរ៉េខាងត្បូងបានឈ្នះការដេញថ្លៃរបស់រដ្ឋាភិបាលសម្រាប់គម្រោងព្រលានយន្តហោះថ្មី ដោយបានយកឈ្នះក្រុមហ៊ុន GMR Airports Consortium របស់ឥណ្ឌា និងក្រុមមហាសេដ្ឋីហ្វីលីពីនជាច្រើនទៀត។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលហ្វីលីពីនបានប្រកាសពីផែនការនៃគម្រោងអាកាសយានដ្ឋានថ្មីរបស់ខ្លួនដែលមានឈ្មោះថា The New Manila international airport ដែលស្ថិតក្នុងខេត្ត Bulacan ស្ថិតនៅប្រមាណជា ៣៥គីឡូម៉ែត្រ ភាគខាងជើងប្រទេសហ្វីលីពីន ខណៈអាកាសយានដ្ឋានថ្មីនេះគ្រោងចំណាយថវិកាសាងសង់ប្រមាណជា ៧៣៥ពាន់លានប៉េសូ (ប្រមាណជា ១២,៥៧ពាន់លានដុល្លារ) ដែលគេរំពឹងថានឹងរួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៧៕