អន្តរជាតិ៖ យោធាអាមេរិកនិយាយថា ខ្លួនបានបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើកដែលជាកម្មសិទ្ធិរបស់ក្រុមឧទ្ទាមហ៊ូទី នៅក្នុងប្រទេសយេមែនកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដោយអាមេរិកអះអាងថាយន្តហោះគ្មានមនុស្សបើកដែលត្រូវបានកម្ទេចនោះ ទំនងជាធ្លាក់ចូលទៅក្នុងដែនទឹកនៃសមុទ្រក្រហម។
ទីបញ្ជាការកងទ័ពកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានរបាយការណ៍អំពីការខូចខាត ឬអ្នករងរបួសពីកប៉ាល់នៅក្នុងតំបន់ជុំវិញទីតាំងនៃការវាយប្រហារនោះទេ។ CENTCOM កងកម្លាំងរបស់ខ្លួនក៏បានវាយប្រហារទៅលើនាវាគ្មានមនុស្សបើករបស់ក្រុមហ៊ូទីចំនួន ៥គ្រឿងផ្សេងទៀតផងដែរក្នុងគោលបំណងការពារខ្លួន នៅក្នុងការប៉ះទង្គិចលើទីតាំងដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី។
គួរឱ្យដឹងថា រយៈពេលប៉ុន្មានកន្លងមកក្រោយពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីបានចាប់ផ្តើម បានបង្កឱ្យមានការរំខានដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មនៅទូទាំងពិភពលោក ដោយបង្ខំឱ្យក្រុមហ៊ុនមួយចំនួនសម្រេចជ្រើសរើសធ្វើដំណើរតាមផ្លូវទឹកតំបន់ផ្សេង បើទោះជាត្រូវចំណាយប្រាក់ច្រើនជាងមុន និងចំណាយពេលយូរជាងមុនយ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហាដែលកំពុងកើតមាននេះក៏បង្កការព្រួយបារម្ភថាសង្គ្រាមអ៊ីស្រាអែល ហាម៉ាស អាចនឹងបង្កអស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ាបានផងដែរ។
ថ្មីៗនេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានសម្រេចរួមគ្នាជាក្រុមប្រតិបត្តិការមួយ ដើម្បីវាយប្រហារទៅលើក្រុមឧទ្ទាមប្រយុទ្ធហ៊ូទីវិញ ដែលសកម្មភាពនេះត្រូវបានគេដឹងថាជាការវាយប្រហារឆ្លើយតបនឹងសកម្មភាពបំពានលើនាវាដឹកជញ្ជូនទំនិញកន្លងមក៕