ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ឥណ្ឌូណេស៊ី ចាប់ផ្តើមអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញនៅរដ្ឋធានីចាកាតា

ឥណ្ឌូណេស៊ី៖ ក្រោយពីអត្រាអ្នកឆ្លងថ្មីនៃវីរុសកូវីដ-១៩ មានការធ្លាក់ចុះទាបខ្លាំង លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo តាមរយៈសន្និសីទតាមប្រព័ន្ធអនឡាញមួយ បានប្រកាសនៅថ្ងៃចន្ទ ទី២៣ ខែសីហានេះថា ទីក្រុងចាកាតា (Jakarta) ដែលជារដ្ឋធានីរបស់ប្រទេស និងអាចបើកឱ្យមាននូវការដំណើរការអាជីវកម្មសំខាន់ៗឡើងវិញ ដូចជាភោជនីយដ្ឋាន ផ្សារទំនើប និងទីតាំងអាជីវកម្មមួយចំនួនទៀត។

ចាប់ពីថ្ងៃអង្គារនេះ ទីតាំងអាជីវកម្មដូចជាភោជនីយដ្ឋាន នឹងអាចដំណើរការ ព្រមទាំងទទួលអតិថិជនបាន ២៥ភាគរយនៃទំហំទីតាំង ហើយដោយឡែកផ្សារទំនើប និងមណ្ឌលពាណិជ្ជកម្មអាចទទួលមនុស្សបានប្រមាណ ៥០ភាគរយឡើងវិញ។ ក្នុងសន្និសីទនោះ ប្រធានាធិបតីឥណ្ឌូណេស៊ីបានលើកឡើងថា ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដាមក ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បានធ្លាក់ចុះប្រមាណជា ៧៨ភាគរយ ហើយចំនួនអ្នកព្យាបាលជាសះស្បើយ ក៏មានខ្ពស់ជាងចំនួនអ្នកឆ្លងថ្មីផងដែរ។ 

គួរឱ្យដឹងថា រាប់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ទើបតែកាលពីថ្ងៃចន្ទ ទី២៣ ខែសីហាម្សិលមិញនេះទេដែលឥណ្ឌូណេស៊ីមានអត្រាអ្នកឆ្លងថ្មីទាបជាង ១ម៉ឺនករណីក្នុងមួយថ្ងៃ ខណៈចំនួនអ្នកស្លាប់ក៏មានទាបជាង ១ពាន់នាក់ជាលើកដំបូងក្នុងរយៈពេលជាង ១ខែចុងក្រោយ។

បើទោះបីជាស្ថានភាពឆ្លងថ្មីនៃវីរុសកូវីដ-១៩ បានល្អប្រសើរឡើងវិញនៅរដ្ឋធានីចាកាតា និងផ្នែកខ្លះនៃកោះជ្វាយ៉ាងណាក៏ដោយ ប៉ុន្តែហានិភ័យនៃការរាតត្បាតនៅតែបន្តគំរាមកំហែងក្នុងកោះធំៗផ្សេងទៀតដូចជា កោះស៊ូម៉ាត្រា, កោះកាលីម៉ាន់តាន់ និងកោះស៊ូឡាវេស៊ីជាដើម។

ភាពល្អប្រសើរឡើងវិញនៃស្ថានភាពកូវីដ-១៩ ក្នុងរដ្ឋធានីចាកាតានេះមិនអាចកាត់ផ្តាច់បានឡើយពីយុទ្ធនាការវ៉ាក់សាំងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដោយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលក៏បានបញ្ជាក់អំពីស្ថានភាពនៃប្រជាជនក្នុងរដ្ឋធានីចាកាតាស្ទើរតែទាំងស្រុង បានទទួលនូវវ៉ាក់សាំងបង្ការកូវីដ-១៩ រួចរាល់ បើទោះបីជាអត្រាអ្នកទទួលវ៉ាក់សាំងស្ទើរទូទាំងទើបបានសម្រេចប្រមាណ ១១ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបជាង ២៧៣លាននាក់។ រដ្ឋាភិបាលឥណ្ឌូណេស៊ី មានគោលការណ៍ប្រើប្រាស់វ៉ាក់សាំងចំរុះ ប៉ុន្តែចំនួនខ្ពស់បំផុតនៃវ៉ាក់សាំងដែលបានចុះបញ្ជីគឺវ៉ាក់សាំង Sinovac មានប្រមាណជាង ៨០ភាគរយ ខណៈចំនួនជាង ២០ភាគរយដែលនៅសេសសល់រួមមាន  AstraZeneca,  Sinopharm, Moderna និង  Pfizer៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក