សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរៀបចំដាក់វង់ភ្លេងឆៃយ៉ាំដើម្បីរាំទទួលភ្ញៀវទេសចរណ៍នៅតាមព្រលានយន្តហោះនានានៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខ។
សម្ដេចថ្លែងបែបនេះក្នុងពិធីបើកបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនាយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤។
បើតាមសម្ដេចធិបតីការធ្វើបែបនេះគឺដើម្បីទាក់ទាញទឹកចិត្តរបស់ភ្ញៀវទេសចរណ៍តាំងពីពេលដែលពួកគេបានឈានចូលមកដល់កម្ពុជា។
សម្ដេចបានណែនាំដល់ក្រសួងទេសចរណ៍ឲ្យរៀបចំក្នុងរយៈពេលពីរបីទៅមួយសប្តាហ៍ក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំខ្មែរ។
គួរឱ្យដឹងផងដែរថាពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនិងរៀបចំចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ៕