សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថារដ្ឋាភិបាលមិនកិច្ចការត្រឹមមួយពេល ឬមួឆាវរបៀបជាភ្លើងចំបើងនោះទេ។ គ្រប់គោលនយោបាយគ្រប់គោលការណ៍ត្រូវតែល្អិតល្អន់និងត្រូវតែមាននិរន្តរភាពក្នុងការធ្វើ។
សម្ដេចធិបតីលើកឡើងបែបនេះក្នុងពិធីបើកបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាបនាយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ ដោយប្រកាសថាយុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ គឺមិនមែនធ្វើត្រឹមតែមួយឆ្នាំនេះទេគឺត្រូវតែធ្វើបន្តជារៀងរហូតហើយនិងទៅកាន់ខេត្តផ្សេងទៀតផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា រាល់គោលនយោបាយគោលការណ៍នីមួយៗរបស់រដ្ឋាភិបាលគឺមានការគិតគូរបានល្អិតល្អន់និងគ្រប់ជ្រុងជ្រោយ ហើយនិងមានការសហការជាមួយនឹងវិស័យឯកជន និងរដ្ឋាភិបាលបានយ៉ាងល្អ។ ដូច្នេះការងារមិនត្រូវធ្វើត្រឹមតែភ្លើងចំបើងនោះទេ គឺត្រូវតែមាននិរន្តរភាពក្នុងការធ្វើឲ្យសម្រេចជោគជ័យ។
កម្មវិធីពិសេសមួយ ដែលមានខ្លឹមសារ "ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤" ត្រូវបានដាក់ចេញនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដេីម្បីជួយស្តារ និងលេីកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡេីងវិញ ដែលអាចដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនជួបប្រទះប្រចាំថ្ងៃ៕