អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថាបានព្យាយាមរំខានដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ដោយលោកបានអះអាងថារុស្សីនឹងឆ្លើយតបចំពោះការវាយប្រហារ និងការរំខានរបស់អ៊ុយក្រែននាពេលចុងក្រោយថ្មីៗនេះ។ គួរបញ្ជាក់ថា ការបោះឆ្នោតថ្ងៃដំបូង ពោលគឺនៅថ្ងៃទី១៥ ខែមីនាម្សិលមិញនេះ គេសង្កេតឃើញមានការរំខានជាច្រើនកើតមានឡើងដូចជា ការចាក់ទឹកថ្នាំជ្រលក់ដៃចូលក្នុងប្រអប់ឆ្នោត, ការគប់ដបស្រាចូលទៅក្នុងមណ្ឌលបោះឆ្នោតមួយកន្លែងដែលជាស្រុកកំណើតរបស់លោកពូទីន ក៏ដូចជាមានការរាយការណ៍អំពីការវាយលុក និងរំខានដោយការជ្រៀតជ្រែកទិន្នន័យជាដើម។
គួរបញ្ជាក់ថា ប្រជាជនរុស្សីរាប់លាននាក់បាននាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃដំបូង ដោយមន្រ្តីរៀបចំការបោះឆ្នោតអះអាងថាចំំនួនអ្នកបោះឆ្នោតនៅថ្ងៃសុក្រម្សិលមិញនេះមានប្រមាណជា ៣៥%នៃចំនួនប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតសរុប។ នៅក្នុងអំឡុងនៃការបោះឆ្នោតនេះកំពុងដំណើរការ លោក ពូទីន បានអះអាងពីការវាយប្រហារផ្ទួនៗនៅតំបន់ភាគខាងលិចប្រទេស ព្រមជាមួយការព្យាយាមសម្រុកចូលព្រំដែនរុស្សីដោយមនុស្សប្រមាណ ២,៥០០នាក់ រួមជាមួយរថក្រោះចំនួន ២គ្រឿង។ យ៉ាងណាក្ដី បើតាមប្រភពពីមន្រ្តីរបស់អ៊ុយក្រែនបានឆ្លើយតបថា ហេតុការណ៍នៃការវាយប្រហារដែលកើតមាននេះគឺជាស្នាដៃក្រុមប្រដាប់អាវុធរុស្ស៊ីដែលមានមូលដ្ឋាននៅអ៊ុយក្រែន ហើយដែលមាននិន្នការប្រឆាំងនឹងរដ្ឋាភិបាលលោកពូទីនប៉ុណ្ណោះ។
ដោយឡែក មុននេះដែរក៏មាននូវការវាយប្រហារដោយសាហាវមួយទៀតកើតមានឡើង ពោលគឺជាការវាយប្រហារដោយកាំជ្រួចផ្លោងរបស់រុស្ស៊ីលើតំបន់លំនៅដ្ឋានមួយនៅក្នុងទីក្រុងកំពង់ផែ Odesa នៃសមុទ្រខ្មៅរបស់អ៊ុយក្រែនដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់និងមានមនុស្សជាង ៧០នាក់ផ្សេងទៀតបានរងរបួស។ ក្រោយការវាយប្រហាររបស់រុស្សី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអះអាងថា រុស្សីនឹងត្រូវទទួលនូវការឆ្លើយតបដ៏សមស្របបំផុតមួយ ចំពោះអំពើវាយប្រហារដែលលោកហ្សេឡេនស្គីហៅថាជា ទង្វើដ៏សាហាវព្រៃផ្សៃនេះ។
សូមជម្រាបថា នៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្សីដែលកំពុងធ្វើឡើងនេះមានប្រជាជនប្រមាណជា ១១៤លាននាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃអាទិត្យ ទី១៧ ខែមីនាស្អែកនេះ៕