កំពង់ស្ពឺ៖ ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៤ ស្ថិតនៅស្រុកភ្នំស្រួច និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ សមត្ថកិច្ចបានឃាត់រថយន្តធុនធំ១២គ្រឿង ដែលបានដាក់វាំងនន បិទអក្សរ ឡូហ្គានៅកញ្ចក់រថយន្តខាងមុខ និងបំពាក់ស៊ីផ្លេខ្យល់។
ក្រោយឃាត់រថយន្ត សមត្ថកិច្ចបានដោះនូវគ្រឿងតុបតែង និងបំពាក់ឧបករណ៍កែច្នៃលើរថយន្តចេញ និងបានអប់រំណែនាំធ្វើកិច្ចសន្យា យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកខេត្ត។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានអំពាវដល់ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទាំងអស់ចូលរួមអនុវត្តតាមច្បាប់ ជៀសវាងការដកហូតនិងអនុវត្ដផ្លូវច្បាប់នាំឲ្យមានការខាតបង់ប្រាក់និងពេលវេលា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឱ្យសមត្ថកិច្ចបង្រ្កាបរថយន្តដែលបំពាក់ភ្លើងហ្វា ស៊ីផ្លែកែច្នៃ បិទពាក្យស្លោក ឬរូបភាពផ្សេងៗ ដាក់វាំងនន បិទកញ្ចក់ខ្មៅ។ ការដាក់បទបញ្ជានេះដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយការបាត់បង់ម្ចាស់ការគ្រប់គ្រងរបស់ម្ចាស់រថយន្ត និងការផ្តោតអារម្មណ៍របស់អ្នកដំណើរមកលើរថយន្ត៕