ADB : សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងវិលមករកកំណើនក្នុងកម្រិត ៤,០% ក្នុងឆ្នាំ ២០២១ និង ៥,៥% ក្នុងឆ្នាំ២០២២
ភ្នំពេញ : “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិលត្រឡប់មករកកំណើនវិញក្នុងឆ្នាំ ២០២១។ កំណើននេះ នឹងជួយបង្កើនប្រាក់ចំណូល គ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបានប្រយោជន៍នេះស្មើគ្នានោះទេ ដូច្នេះវា ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារទាំងឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិតដល់” នាយិកាប្រចាំប្រទេសកម្ពុជារបស់ADB លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍។
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងវិលមករកកំណើនក្នុងកម្រិត ៤,០% ក្នុងឆ្នាំ ២០២១ និង ៥,៥% ក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រទេសជាដៃគូពាណិជ្ជកម្មធំៗ ដែលជួយគាំទ្រឱ្យមានតម្រូវការខ្ពស់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា "នេះបើតាមរបាយការណ៍ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១"។
បើតាមប្រកាសព័ត៌មានរបស់ធនាគារ ADB បានបញ្ជាក់ថាវិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុងល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣% ក្នុងឆ្នាំ ២០២១ ទៅ ៦,២% ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការ ផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបាន ចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២១ កំពុងធ្វើអោយសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹតបន្តឹងការធ្វើដំណើរត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែលមានន័យថា វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើនផ្នែកសេវាកម្មនៅឆ្នាំនេះទេ។ វិស័យអចលន ទ្រព្យត្រូវបានព្យាករថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹង ឧស្សាហកម្មសំណង់។
ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួម មានការយឺតយ៉ាវ។ ហានិភ័យ ចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាម សហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជាអាមេរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈមរបស់សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ។ លោកស្រី Sunniya - Durrani បន្តមានប្រសាសន៍ ដោយបន្ថែមថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ និងឆ្នាំក្រោយ ។
បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ពាន់ លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្ដល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧ លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈ សហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១ ២០២៣ រួមមានកម្ចីសម្បទានចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩ ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ប្រទេស ដែលក្នុងនោះមាន ៤៩ប្រទេសមកពីតំបន់ខាងលើនេះ៕