វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្តេច ឃួន សុដារី៖ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» បង្កើតឱកាស បង្កើនផលិតភាព និងផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលដល់ស្រ្តី និងកុមារី

កណ្តាល៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា ប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា មានគោលបំណងលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ចំពោះ «ស្ត្រី និងក្មេងស្រី» ក្នុងការចូលរួមក្នុងបរិវត្តកម្មឌីជីថល ស្របតាមការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូចនេះ ក្នុងអង្គមីទ្ទិញ អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា នាព្រឹកថ្ងៃទីសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការចូលរួមក្នុងបរិវត្តកម្មឌីជីថលនឹងគាំទ្រដល់បដិវត្តន៍ឧស្សាហកម្មទី៤.០ បង្កើតឱកាសការងារ បង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋ និងចូលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា នៅកម្ពុជាសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី នៅបន្តទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលនីតិកាលទី៧ ហើយរាជរដ្ឋាភិបាលបានប្តេជ្ញាបន្តថែរក្សាមរតកដែលបានកសាងដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ តាមរយៈការជំរុញរបៀបវារៈយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យអប់រំ សុខភាព សេដ្ឋកិច្ច និងតួនាទីដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការប្រើប្រាស់សិទ្ធិក្នុងការសម្រេចលើសុខភាព និងផែនការគ្រួសារ និងការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាលើ ស្រ្តី និងក្មេងស្រី។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងពេលដែលស្រ្តី និងកុមារី នៅកម្ពុជា បានកំពុងប្រារព្ធអបអរសាទរទិវាអន្តរជាតិនារី យ៉ាងសប្បាយរីករាយ មានស្រ្តី និងកុមារីជាច្រើន នៅលើសកលលោកបានកំពុងប្រឈមការរំលោភបំពានហិង្សាគ្រប់រូបភាព ដោយសារតែវិបត្តិនៃជម្លោះ និងសង្គ្រាមស៊ីវិល ដែលមិនមានសូម្បីតែសិទ្ធិជាមូលដ្ឋាន រួមមានសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ កុំថាឡើយទាមទារសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសេវាថែទាំសុខភាព និងសិទ្ធិចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយនោះ។

សម្តេចថ្លែងថា៖«សុខសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ កម្ពុជាពិតជាមានសំណាង និងមោទនភាពដែលមានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការជំរុញនិងលើកកម្ពស់សមភាពយេនឌ័រ»។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់បានលើកឡើងថា «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពទៅថ្ងៃអនាគត»ដោយមានអត្ថន័យ និងខ្លឹមសារប្រកបដោយគតិបណ្ឌិតនេះ បានបង្ហាញពីឆន្ទៈមុតមាំរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយនឹងបណ្តាប្រទេសនានា ដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី នៅគ្រប់ទិដ្ឋភាព ស្របទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក