ក្រសួងអធិការកិច្ចច្រានចោលករណីថាមានមន្រ្តីជំរិតលុយពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំជាថ្នូរនឹងការមិនពិនិត្យឯកសារ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីករណីផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី (ABC) តាមរយៈជនអនាមិកទូរស័ព្ទចោទប្រកាន់មកលើមន្រ្តីក្រសួងអធិការកិច្ច ថាបានទាមទារប្រាក់ ចំនួន៥០០០$ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។
តាមសេចក្តីបំភ្លឺនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ខាងលើ និងចាត់ទុកថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់ មានចរិតមូលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គម ញុះញង់ និងបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានបំភ្លឺដល់សាធារណជនថា យោងលិខិតបញ្ជាបេសកកម្ម និងផែនការប្រតិបត្តិការអធិការកិច្ច គណៈប្រតិភូចុះធ្វើអធិការកិច្ច ចាប់ផ្តើមអនុវត្តការងារពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើកម្មវត្ថុ ចំនួន ៣ គឺ៖ (ទី១) ការអនុវត្តតួនាទី ភារកិច្ច (ទី២) ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ និង (ទី៣) ការអនុវត្តគម្រោងសាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។
អ្នកនាំពាក្យបញ្ជាក់ថា ដោយសាររយៈពេលនៃការចុះបេសកកម្មខាងលើមានកំណត់ ដូច្នេះ ការចុះធ្វើអធិការកិច្ចនេះមិនបានគ្របដណ្តប់លើគ្រប់មន្ទីរ-អង្គភាពទាំងអស់នៅជុំវិញខេត្តកំពង់ធំ នោះទេ។ ក្នុងនោះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ពុំបានស្ថិតនៅក្នុងគោលដៅ នៃការចុះ ត្រួតពិនិត្យនាពេលនោះទេ។
អ្នកនាំពាក្យឱ្យដឹងទៀតថា ការលើកឡើងរបស់ជនអនាមិកដែលបានចោទប្រកាន់ថា ការទារប្រាក់នេះបានកើតឡើងនៅ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺពិតជាមិនត្រឹមត្រូវទេ ដោយគណៈប្រតិភូបានបញ្ចប់បេសកកម្ម របស់ខ្លួន និងបានវិលត្រលប់មកវិញរួចរាល់ហើយ។
អ្នកនាំពាក្យក្រសួងអធិការកិច្ចបានទទួលព័ត៌មានថាវិទ្យុ អេ ប៊ី ស៊ី (ABC) បានកំពុង ព្យាយាមទាក់ទងទៅកាន់ជនអនាមិកខាងលើដើម្បីផ្តល់ការបញ្ជាក់បន្ថែមលើការអះអាងរបស់ខ្លួន ប៉ុន្តែជននេះមិន បានផ្តល់ការបំភ្លឺបន្ថែមឡើងវិញនៅឡើយទេរហូតមកដល់ពេលនេះ។
ក្រសួងអធិការកិច្ច ស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធសហការជួយស្រាវជាវដើម្បីស្វែងរកការពិត និងចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់៕