សហរដ្ឋអាមេរិក៖ បុរសមានពិការភាពទាំងស្រុង រស់នៅរដ្ឋតិចសាស់ ដែលមានភាពល្បីល្បាញលើពិភពលោកជុំវិញការបន្តជីវិតរបស់ខ្លួនដោយរស់នៅក្នុងប្រអប់ម្យ៉ាងដែលគេហៅថា "សួតដែក" (Iron Lung) អស់រយៈពេលជាង ៧០ឆ្នាំតាំងពីកុមារភាពមកនោះបានទទួលមរណភាពហើយ។ គួរបញ្ជាក់ថា បុរសដែលមានពិការភាពខាងលើនេះបានចាប់ផ្តើមរស់នៅក្នុងទូចិញ្ចឹមទ្រទ្រង់ជីវិតនេះ ចាប់តាំងពីកុមារភាពមក ពោលគឺក្រោយពីលោកបានរួចផុតគ្រោះថ្នាក់ដល់ជីវិតដោយសារជំងឺស្វិតដៃជើង។
បើតាមប្រភពពីប្អូនប្រុសរបស់លោកបានផ្តល់ព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុកថា លោក Paul Alexander មានវ័យ ៧៨ឆ្នាំ បានទទួលមរណភាពហើយកាលពីថ្ងៃចន្ទកន្លងទៅ ដោយលោកពុំបានបញ្ជាក់មូលហេតុច្បាស់លាស់អំពីការស្លាប់នេះឡើយ។ ប្អូនប្រុសរបស់លោកឈ្មោះ Philip Alexander បានសរសេរក្នុងសារមួយដែលបង្ហោះកាលពីថ្ងៃអង្គារថា៖ "ក្រុមគ្រួសារពិតជាមានកិត្តិយសណាស់ដែលបានរួមជាផ្នែកមួយនៃបុគ្គលដែលត្រូវបានមនុស្សម្នាកោតសរសើរដូចជាលោក Paul Alexander"។
គួរបញ្ជាក់ថា លោក Paul Alexander ត្រូវបានគេដាក់ឱ្យបន្តជីវិតក្នុងឧបករណ៍ Iron Lung ជាឧបករណ៍ម្យ៉ាងមានរាងជាស៊ីឡាំងដែលតាំងពីឆ្នាំ១៩៥២ ដែលកាលណោះលោកមានវ័យត្រឹម ៦ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោកបានឆ្លងជំងឺស្វិតដៃជើងដែលជាជំងឺដ៏កាចសាហាវមួយដែលបានបង្កឱ្យកុមាររាប់ម៉ឺននាក់ធ្លាក់ខ្លួនពិការនៅសម័យនោះ។ លោកត្រូវបានគេដាក់ឱ្យនៅក្នុងឧបករណ៍ Iron Lung នេះតាំងពីតូច ដែលឧបករណ៍នេះប្រើសម្ពាធដើម្បីផ្លុំខ្យល់ចូលទៅក្នុងសួត។
ត្បិតថា លោកមានពិការភាពក៏ពិតមែន ប៉ុន្តែលោកក៏បានបញ្ចប់ការសិក្សានៅសាលាច្បាប់ និងប្រឡងជាប់វិជ្ជាជីវៈមេធាវីទៀតផង។ បើតាមក្រុមគ្រួសាររបស់លោកបញ្ជាក់ថា លោក Paul Alexander ធ្លាប់ត្រូវបានគេនាំលោកធ្វើដំណើរទៅគ្រប់ទ្វីបទាំងអស់នៅលើផែនដី។ លោក Paul Alexander មានភាពល្បីល្បាញជាខ្លាំងជុំវិញជីវិតដ៏គួរឱ្យចាប់អារម្មណ៍ និងការតស៊ូរបស់លោក ហើយនៅលើបណ្ដាញសង្គម Tik-Tok លោកមានអ្នកតាមដាន (Follow) ប្រមាណជា ៣០០,០០០នាក់៕