
លោក ចន ណារិទ្ធ៖ សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលល្អតាមការរំពឹងទុក
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៤ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ បានលើកឡើងថា សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ ដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលល្អតាមការរំពឹងទុក។
សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤ បានប្រព្រឹត្តក្រោមមូលបទរួម “បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់” ដែលបានផ្តោតការពិភាក្សាជារួមលើការបន្តកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលត្រូវបានរៀបចំក្នុងទម្រង់ជាវេទិកាធំមួយដែលមានបទបង្ហាញ និងកិច្ចពិភាក្សាដែលសម្របសម្រួលដោយវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានសមាសភាពក្នុងក្រុមប្រឹក្សា និងភាគីពាក់ព័ន្ធសរុបប្រមាណ ១ ០០០នាក់ ក្នុងរយៈពេល២ថ្ងៃ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។
ក្នុងឱកាសនោះ លោក ចន ណារិទ្ធ បានលើកឡើងថា ការវិវត្តយ៉ាងឆាប់នៃព្រឹត្តការណ៍សកល ក៏ដូចជា លទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិកន្លងមក រាជរដ្ឋាភិបាលមើលឃើញពីភាពចាំបាច់ ក្នុងការធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោល-នយោបាយនេះ ទៅជា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ចក្ខុវិស័យ ឆ្នាំ ២០៣០» ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម បន្ថែមទៀត ដោយផ្លាស់ប្តូរអភិក្រម ពីការអភិវឌ្ឍដែលផ្តោតលើសសរស្តម្ភ ទៅជាអភិក្រមនៃការគាំពារផ្អែកលើហានិភ័យនៃវដ្តជីវិត និង បន្តពង្រីកការគ្របដណ្តប់ ទៅតាមលទ្ធភាព និង ស្ថាន-ភាពជាក់ស្តែង។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវគោលជំហរប្រុងប្រយ័ត្ន ក្នុងការមិនប្រែក្លាយកម្ពុជា ទៅជា រដ្ឋសុខុមាលភាព (welfare state) នោះទេ បើទោះប្បីជាបច្ចុប្បន្ននេះ ប្រព័ន្ធគាំពារសង្គមបានគ្របដណ្តប់ដល់ពលរដ្ឋប្រមាណ៦,៦លាននាក់ ដែលស្មើនឹង ៤២ភាគរយនៃពលរដ្ឋកម្ពុជាសរុប និង ឈានឆ្ពោះទៅ ៩លាននាក់ នៅថ្ងៃអនាគតយ៉ាងណាក៏ដោយ។
គួរឱ្យដឹងដែរថា សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ ២០២៤ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារ សង្គម ដើម្បីចីរភាព និង ភាពធន់» គឺជាការប្រារព្ធលើកទី ៣ ហើយ ចាប់តាំងពីការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីឆ្នាំ ២០១៧ មក ខណៈការរៀបចំសប្តាហ៍ គាំពារសង្គមកម្ពុជា ចំនួន ២ លើកកន្លងទៅ ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ និងធាតុចូលសំខាន់ៗ ដែលត្រូវបានប្រើប្រាស់ ក្នុងការបន្តគិតគូរសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា៕