លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្រ្តីវៀតណាមជួបជជែកជាមួយធុរជន និងម្ចាស់ក្រុមហ៊ុនធំៗអំពីការធ្លាក់ចុះនូវកម្ចីឥណទានរបស់ធនាគារ

វៀតណាម៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនានេះ នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានជួបជជែកផ្ទាល់ជាមួយធុរជនលំដាប់កំពូលៗក្នុងប្រទេសដើម្បីពិភាក្សាអំពីវិធានការដើម្បីពង្រឹងសកម្មភាពផ្នែកសេដ្ឋកិច្ច ចំពេលដែលការផ្តល់ប្រាក់កម្ចីរបស់ធនាគារបានធ្លាក់ចុះទាបខ្លាំង។ គួរបញ្ជាក់ថា កន្លងមកកំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាមបានស្ទុះឡើងស្របជានិច្ចជាមួយនឹងការហក់ឡើងនៃទំហំកម្ចីឥណទានរបស់់ធនាគារក្នុងប្រទេស។ ដោយឡែក បើតាមធនាគារកណ្ដាលរបស់វៀតណាមវិញ បានដាក់គោលដៅស្ទុះឡើងរហូតដល់ ១៥ភាគរយ សម្រាប់ទំហំឥណទានប្រាក់កម្ចីក្នុងឆ្នាំ២០២៤នេះ។ 

បើតាមសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ទំហំការផ្តល់ចេញនូវប្រាក់កម្ចីសរុបរបស់ធនាគារគិតត្រឹមចុងខែកុម្ភៈនេះបានធ្លាក់ចុះប្រមាណ ០.៧២ភាគរយធៀបនឹងចុងឆ្នាំមុន។ នៅក្នុងជំនួបជាមួយធុរជន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗរបស់វៀតណាម មានដូចជា Vingroup, ក្រុមហ៊ុនបច្ចេកវិទ្យា FPT និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ No Va Land ជាដើម នាយករដ្ឋមន្រ្តីវៀតណាមថ្លែងថា៖ "សេដ្ឋកិច្ចសកលនៅក្នុងឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងបន្តប្រឈមមុខនឹងបញ្ហាជាច្រើនទៀត"។

វៀតណាមដែលជាប្រទេសមានសន្ទុះសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរាយការណ៍អំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៥.៩៥ភាគរយកាលពីឆ្នាំ២០២៣ ដែលធ្លាក់ចុះពីឆ្នាំ២០២២ គ្រាដែល GDP មានការកើនឡើងរហូតដល់ ៨.០២ភាគរយ។

ទេសាភិបាលរងធនាគារកណ្តាលវៀតណាម លោក Dao Minh Tu បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា តម្រូវការជាសកលបានធ្លាក់ចុះ និងសម្ពាធនៃអតិផរណា គឺជាហេតុផលធំដែលនៅពីក្រោយកំណើនឥណទានតិចតួច។ លោកបន្ថែមថា ធនាគារកណ្ដាលដែលបានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនចំនួន ៤ដងកាលពីឆ្នាំមុន នឹងបន្តធ្វើការលើវិធានការដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានរបស់អាជីវកម្មដោយសម្រួលបន្ថែមទៀតនូវក្របខ័ណ្ឌច្បាប់របស់ខ្លួន និងកាត់បន្ថយការចំណាយលើប្រតិបត្តិការរបស់ធនាគារ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក