សៀមរាប ១៤ មីនា ២០២៤៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានចោទប្រកាន់ឧកញ៉ា ឡេង ចាន់ណា លោក ចាន់ ឃីន និងលោក ផុន សាមាន ពីបទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញកាតព្វកិច្ចដែលមិនអាចជួញដូរបាន និងបទសម្អាតប្រាក់ បន្ទាប់ពីត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
ក្រោយពីរងការចោទប្រកាន់ ជនសង្ស័យទាំង៣ បច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្តសៀមរាប រង់ចាំតុលាការបន្តស៉ើបសួរតាមនិតីវិធីច្បាប់ជាបន្តទៀត។
ឧកញ៉ា ឡេង ចាន់ណា និងបក្សពួក២នាក់ ដែលរងបទចោទចំនួន៣នេះ អាចប្រឈមនឹងការផ្តន្ទោទោសដាក់ពន្ធនាគារពី៦ ទៅ៣ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១លានរៀល ទៅ៦លានរៀល ក្នុងបទចោទអំពើឆបោក តាមមាត្រា៣៧៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨០ចំណុចទី៥ ប្រព្រឹត្តបទឆបោកជាក្រុមមានការចាត់តាំង ដែលប្រឈមជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ។
បន្ថែមពីទោសឆបោក ជនសង្ស័យទាំង៣ ក៏នឹងប្រឈមជាប់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០លានរៀល និង៥០០លានរៀលក្នុងបទសម្អាតប្រាក់ តាមមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ជាមួយគ្នានេះ ជនសង្ស័យទាំង៣ ក៏ប្រឈមជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ ពិន័យជាទឹកប្រាក់ពី៥លានរៀល ដល់៥០លាន ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ការចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្សពួក ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះចំនួនជាង៥ពាន់គ្រួសារដែលបានចាញ់បោកទឹកប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក ក្នុងទម្រង់ដាក់ទុនវិនិយោគដោយទទួលបានការប្រាក់។ មុនមិនទាន់ចាប់ខ្លួនឧកញ៉ា ឡេង ចាន់ណា បានប្រកាសនៅវេទិកាសាធារណៈដោយរៀបរាប់នៅពីក្រោយគ្មានលទ្ធភាពទូទាត់ប្រាក់សងដល់ពលរដ្ឋគឺជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈពលរដ្ឋទាមទារឱ្យក្រុមហ៊ុនផ្តល់ប្រាក់ដែលពួកគេខ្ចីពីធនាគារមករកស៊ីជាមួយក្រុមហ៊ុនវិញ ៕