ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី វង្សី វិស្សុត ចាត់ទុកព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ តែវាគឺជាបញ្ហាប្រឈមមួយដ៏ធំ និងជាការគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព, សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍របស់ពិភពលោកទាំងមូល។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យ AI និងសន្តិសុខសាយប័រ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោក វង្សី វិស្សុត លើកឡើងថា ក្នុងផ្នែកសន្តិសុខ ព័ត៌មានក្លែងក្លាយបាននិងកំពុងគំរាមកំហែងដល់គ្រប់ទិដ្ឋភាពទាំងអស់របស់សន្តិសុខសង្គម និងមនុស្ស មានជាអាទិ៍៖ សន្តិសុខនយោបាយ, សន្តិសុខសេដ្ឋកិច្ច, សន្តិសុខគតិយុត្តនិងយុត្តិធម៌ និងសន្តិសុខបុគ្គល។
ឧបនាយករដ្ឋមន្ត្រីប្រចាំការគូសបញ្ជាក់ថា ការណ៍នេះទាមទារឱ្យគ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋទូទៅត្រូវមានស្មារតីប្រកបដោយបុរេសកម្ម, មានការយល់ដឹងពីបច្ចេកវិទ្យា, យល់ដឹងពីផលប្រយោជន៍ គ្រោះថ្នាក់ និងហានិភ័យនៃបច្ចេកវិទ្យា ហើយត្រូវឆ្លើយតបឱ្យបានលឿនបំផុត ដើម្បីបន្សាបឥទ្ធិពលនៃបច្ចេកវិទ្យា ឬ ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលា ដោយការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសប្បនិម្មិត (AI) និងសន្តិសុខសាយប័រ គឺជាកិច្ចការដ៏សំខាន់មួយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ។
លោក វង្សី វិស្សុត បានលើកទឹកចិត្តដល់ក្រុមការងារ និងមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិមកពីគ្រប់បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវពង្រឹងកិច្ចសហការ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម តាមដាន គ្រប់គ្រងព័ត៌មានឱ្យបានលឿន និងចូលរួមទប់ស្កាត់ បង្ការ និងបំផ្លាញចោលនូវព័ត៌មានក្លែងក្លាយទាំងនោះឱ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ ជាពិសេស តាមរយៈការប្រើបច្ចេកវិទ្យា AI ក្នុងផ្លូវអាក្រក់។
ទន្ទឹមនឹងផលប្រយោជន៍ និងជាកាតាលីករនៃប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ជួយបង្កើនប្រសិទ្ធភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, បង្កើនផលិតភាពការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ច តែក៏អាចជះឥទ្ធិពលអវិជ្ជមានមកលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច នយោបាយ និងសន្តិសុខផងដែរ ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ និងគ្រប់គ្រងវាឱ្យបានល្អ។
លោកបញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព គឺជារឿងចាំបាច់បំផុតក្នុងយុគសម័យឌីជីថល និងបរិវត្តឧស្សាហកម្មបច្ចេកវិទ្យា ៤.០ ព្រោះថា បច្ចេកវិទ្យាឌីជីថល ពិសេសបញ្ញាសិប្បនិម្មិត AI បានវិវត្តយ៉ាងលឿនរហ័ស ហើយប្រទេសនីមួយៗមិនអាចវាយតម្លៃបានទេថា នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងមានអ្វីកើតឡើងនោះ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី វង្សី វិស្សុត បានក្រើនរំលឹកដល់ដល់ក្រុមការងារ និងមន្រ្តីទទួលបន្ទុកព័ត៌មាន និងសាធារណមតិទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តភារកិច្ច និងទទួលយកការសម្របសម្រួលពីក្បាលម៉ាស៊ីនថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិទទួលបន្ទុកព័ត៌មាន និងសាធារណមតិ បន្តទៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។
លោក វង្សី វិស្សុត លើកទឹកចិត្តឱ្យមានការជជែកពិភាក្សាគ្នាឱ្យបានច្រើនទាំងក្នុងកម្រិតនយោបាយ, បច្ចេកទេស និងជំនាញ ដោយបង្កើនការទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងព័ត៌មាន និងទិន្នន័យ ទាំងពិត និងក្លែងក្លាយ ហើយត្រូវបន្សាបព័ត៌មានក្លែងក្លាយឱ្យបានលឿន រហ័ស និងទាន់ពេលវេលា និងសាបព្រោះទៅវិញនូវព័ត៌មានពិត ព័ត៌មានវិជ្ជមាន ដែលមានប្រយោជន៍ដល់សង្គមជាតិ និងធានាឱ្យបានដាច់ខាតនូវសន្តិសុខនយោបាយ សន្តិសុខសេដ្ឋកិច្ច សន្តិសុខបុគ្គល និងគ្រួសារ ក៏ដូចជាសន្តិសុខសង្គមទាំងមូលរបស់ប្រទេសជាតិ៕