អង់គ្លេស៖ ក្រុមម្ចាស់ជើងឯក Premier League ២០១៩ ហង្សក្រហម Liverpool បានបដិសេធ និងមិនអនុញ្ញាតឱ្យ Mohamed Salah ធ្វើដំណើរមកកាន់ទ្វីបអាហ្វ្រិក ដើម្បីជួយក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងយុទ្ធនាការប្រកួតជម្រុះ FIFA World Cup ២០២២ នៅទ្វីបអាហ្វ្រិកឡើយ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញនេះ។
មូលហេតុសំខាន់បំផុតដែល Liverpool មិនអនុញ្ញាតឱ្យ Salah ធ្វើដំណើរមកកាន់អេហ្ស៊ីប គឺដោយសារតែច្បាប់របស់ចក្រភពអង់គ្លេស ដែលតម្រូវឱ្យអ្នកដំណើរពីក្រៅប្រទេសត្រូវធ្វើចត្តាឡីស័័កជាមុនសិន។ មូលហេតុនេះក៏ទំនងនឹងអាចត្រូវប្រើដោយក្លិបផ្សេងទៀតនាពេលខាងមុខផងដែរ ខណៈវគ្គជម្រុះ World Cup នឹងចូលមកដល់នាខែក្រោយនេះ ដោយមិនមែនតែនៅទ្វីបអាហ្វ្រិកប៉ុណ្ណោះទេ ទ្វីបអាស៊ី, ទ្វីបអឺរ៉ុប និងតំបន់អាមេរិកខាងជើង CONCACAF ក៏នឹងមានការប្រកួតជម្រុះ World Cup ដូចគ្នា ដែលវានឹងក្លាយជាបញ្ហាប្រឈមមួយសម្រាប់សហព័ន្ធកីឡាបាល់ទាត់ជុំវិញពិភពលោក។
សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីបក៏បានបញ្ជាក់ថា ក្លិប Liverpool បានផ្ញើលិខិតសុំទោសមួយ ដែលសង្ឃឹមថាសហព័ន្ធបាល់ទាត់អេហ្ស៊ីបផ្ទាល់នឹងយោគយល់នូវបញ្ហានេះ ដែលមានន័យថា Salah នឹងអវត្តមានគ្រាដែលអេហ្ស៊ីបទទួលស្វាគមន៍ប្រទេសអង់ហ្គោឡា នាថ្ងៃទី០២ ខែកញ្ញា មុននឹងធ្វើដំណើរទៅប្រទេសហ្គាបុង នាថ្ងៃទី០៥ ខែកញ្ញានេះ។
មិនត្រឹមតែប៉ុណ្ណោះ គេជឿជាក់ថាបញ្ហានេះក៏នឹងកើតមានចំពោះកីឡាករសំខាន់ៗ ៣រូបទៀតដែលត្រូវបានកោះហៅដោយក្រុមជម្រើសជាតិប្រេស៊ីល ដែលរួមមាន Roberto Firmino, Alisson Becker និង Fabinho ដែលប្រហែលជានឹងត្រូវអវត្តមានក្នុងការប្រកួតជម្រុះ World Cup ទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន, ប៉េរូ និងឈីលី នៅខែកញ្ញាខាងមុខនេះផងដែរ៕