រាជធានីភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ ឈឿង ល្វៃ ទើបតែបានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់អន្តរជាតិ I-1 World Boxing Champion Gold Belt នៅឯទឹកដីហុងកុងនៅយប់ថ្ងៃអង្គារនេះ ក្រោយយកឈ្នះកីឡាករអាល្លឺម៉ង់ Elysee Kochiese។
គួរបញ្ជាក់ថា មុននឹងឈានមកដល់វគ្គផ្តាច់ព្រ័ត្រ និងគ្រងជើងឯកខ្សែក្រវ៉ាត់អន្តរជាតិនេះ កីឡាករដើមកំណើតពីខេត្តកំពង់ធំរូបនេះ ក៏បានផ្តួលកីឡាករ Fahsang នៅគូទី៦ ខណៈកីឡាករអាល្លឺម៉ង់ Elysee Kochiese យកឈ្នះកីឡាករលីប៊ី Lamin Souayah នៅគូទី៥ និងឡើងមកប៉ះគ្នានៅគូទី៩ ជាគូដណ្តើមជើងឯក។
គួរបញ្ជាក់ថា ក្នុងអំឡុងការប្រកួតនេះដំណើរការមកដល់ទឹកទី២ ពិធីករក៏បានប្រកាសអំពីការឧបត្ថម្ភយ៉ាងថ្លៃថ្លាជាទឹកប្រាក់ចំនួន ២០លានរៀលពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករ ឈឿង ល្វៃ ក៏ទទួលបានការឧបត្ថម្ភជាទឹកប្រាក់ចំនួន អ្នកឧកញ៉ា លាង ម៉េង ចំនួន ១០លានរៀល និងឧកញ៉ា ស្រី ចាន់ថន ចំនួន ៤លានរៀលផងដែរ៕