អន្តរជាតិ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្លែងនៅថ្ងៃទី១១ ខែមីនានេះថា ការសម្រេចចិត្តរបស់ស៊ុយអែតក្នុងការចូលរួមជាសមាជិករបស់អង្គការណាតូ (NATO) គឺជាការសបញ្ជាក់ឱ្យឃើញថា ប្រធានាធិបតីរុស្សី លោក Vladimir Putin បានបរាជ័យក្នុងយុទ្ធសាស្រ្តសង្គ្រាមនៅអ៊ុយក្រែន ដែលលោកមានគោលបំណងចង់ឱ្យសម្ព័ន្ធភាពយោធាមួយនេះមានភាពទន់ខ្សោយ។
លោក Stoltenberg ថ្លែងថា ការឈ្លានពានរបស់រដ្ឋាភិបាលរុស្សីមិនមែនគ្រាន់តែធ្វើឱ្យប្រទេសដែលធ្លាប់មានជំហរអព្យាក្រឹត្យដូចជាហ្វាំងឡង់ និងស៊ុយអែត ងាកមកចូលរួមជ្រកក្រោមឆ័ត្ររបស់អង្គការ NATO ប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀតរុស្សីក៏បានជំរុញឱ្យអ៊៊ុយក្រែនកាន់តែខិតមកជិតសមាជិកភាពរបស់ណាតូជាងពេលណាៗទាំងអស់។
គួរបញ្ជាក់ថា ការថ្លែងរបស់អគ្គលេខាធិការណាតូរូបនេះបានធ្វើឡើងក្នុងអំឡុងពេលដែលលោកមានវត្តមានព្រមគ្នាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersso ក្នុងឱកាសនៃពិធីដែលទង់ជាតិអ៊ុយក្រែនត្រូវបានបង្ហូតឡើងជាផ្លូវការនៅឯទីស្នាក់ការកណ្តាលរបស់អង្គការ NATO នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ក្នុងនាមជាប្រទេសសមាជិកទី៣២ នៃបណ្ដុំសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិកនេះ។
លោក Stoltenberg បន្ថែមថា៖ "នៅគ្រាដែលរុស្សីបានចាប់ផ្តើមប្រតិបត្តិការឈ្លានពានទៅលើអ៊ុយក្រែនកាលពី២ឆ្នាំមុន លោកពូទីនមានបំណងចង់ឱ្យអានុភាពនៃអង្គការ NATO ធ្លាក់ចុះ ក៏ដូចជាចង់មានឥទ្ធិពលលើបណ្ដាប្រទេសជិតខាងរបស់ខ្លួន។ លោក (ពូទីន) មានគោលបំណងបំផ្លាញអ៊ុយក្រែនដែលជារដ្ឋអធិបតេយ្យមួយ ប៉ុន្តែលោកបានរងភាពបរាជ័យ។ ផ្ទុយទៅវិញ អង្គការ NATO កាន់តែធំជាងមុន និងខ្លាំងជាងមុន"។
គួរបញ្ជាក់ថា ស៊ុយអែតអាចក្លាយជាសមាជិកពេញសិទ្ធិរបស់ណាតូនាពេលនេះ បន្ទាប់ពីរដ្ឋាភិបាលតួកគី និងរដ្ឋាភិបាលហុងគ្រីបានអនុម័តឯកភាពជាផ្លូវការលើសំណើដែលអូសបន្លាយពេលជាយូររបស់ស៊ុយអែត៕