
ខេត្តបន្ទាយមានជ័យ កំណត់តំបន់មួយចំនួនក្នុងសង្កាត់ចំនួន២ ក្រុងសិរីសោភ័ណជា "តំបន់ក្រហម" ក្រោយមានការរីករាលដាលកូវីដ-១៩ធ្ងន់ធ្ងរ
បន្ទាយមានជ័យ: ក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងសិរីសោភ័ណ ដែលមានការផ្ទុះរីករាលដាលខ្លាំងនៅល្ងាចថ្ងៃទី២៣ ខែសីហា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីសម្រេច កំណត់ភូមិសាស្ត្រមួយចំនួនក្នុងសង្កាត់ទឹកថ្លា និងសង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោភ័ណជាតំបន់ក្រហម” ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមមាន បរិវេណផ្សារទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, បរិវេណវត្តភ្នំជញ្ជាំង (ផ្លូវចូលវត្ត-តាមរបងវត្ត) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ខាងកើតឈាងខាងជើងវត្តទឹកថ្លា ចាប់ពីផ្លូវមុខផ្ទះ ឈ្មោះ រួម រ៉េត, អេង សំអាត, ទឹម សាវឿន, វង្ស ម៉ុង និងឈុន ឃាង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, បរិវេណផ្សារពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
នៅក្នុងសចក្តីសម្រេចរដ្ឋបាលខេត្តបន្ទាយមានជ័យ កំណត់បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនដោយរួមទាំងការមិនអនុញ្ញាតធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន លើកលែងតែការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំងជិតបំផុតក្នុង តំបន់ក្រហម តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចចំពោះផ្សារ និងទីកន្លែងលក់ម្ហូបអាហារ គ្រឿងឧបភោគ បរិភោគព្រមទាំងសកម្មភាពការងារមុខរបរ និងអាជីវកម្មទាំងអស់ក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្ដោះអាសន្ន លើកលែងតែសកម្មភាពដូចជា សេវាពន្លត់អគ្គីភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាសង្គ្រោះបន្ទាន់, និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជនដោយរួមទាំងឱសថស្ថាន និងសេវាផ្គត់ផ្គង់បរិក្ខារពេទ្យ, ទីតាំងផលិត និងផ្គត់ផ្គង់អាល់កុល អុកស៊ីសែន, សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋ និងជំនួយសង្គ្រោះបន្ទាន់, សេវាប្រមូលនិងដឹកជញ្ជូនសំរាម-សំណល់រឹង៕