ប៉ាគីស្ថាន៖ បើតាមប្រភពពីមន្រ្តីនៃស្ថាប័នរៀបចំការបោះឆ្នោតបានឱ្យដឹងថា អតីតប្រធានាធិបតីប៉ាគីស្ថាន លោក Asif Ali Zardari បានឈ្នះឆ្នោតសម្រាប់អាណត្តិទីពីររបស់លោកកាលពីថ្ងៃសៅរ៍ ទី៩ ខែមីនាម្សិលមិញនេះ ខណៈលោកទទួលបានការគាំទ្រដោយក្រុមចម្រុះដែលកំពុងកាន់អំណាចតាមរយៈការបោះឆ្នោតនៅក្នុងសភា។ លោក Asif Ali Zardari ត្រូវបានគេសម្លឹងឃើញនូវគុណសម្បត្តិរបស់លោកក្នុងការផ្សះផ្សា និងជម្រុញភាគីចម្រុះដែលមានសំឡេងគាំទ្រពីការបោះឆ្នោតឈានដល់ការឯកភាពគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងមានវិបត្តិកន្លងមក។
ក្រោយក្លាយជាប្រធានាធិបតីនេះក៏មានន័យថា លោក Zardari នឹងក្លាយជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសដែលមានតួនាទីធំក្នុងការបង្កើត ឬរំលាយរដ្ឋាភិបាលបានផងដែរ។ គួរឱ្យដឹងថា ជ័យជម្នះរបស់លោក Zardari ត្រូវបានប្រកាសជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅទូទាំងប្រទេស ដោយប្រធានតុលាការជាន់ខ្ពស់់នៃរដ្ឋធានីអ៊ីស្លាមម៉ាបាត (Islamabad) លោក Aamer Farooq។ ឮ
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សភាជាតិបានឱ្យដឹងថា លោក Zardari បានទទួលសំឡេងគាំទ្រសរុបចំនួន ៤១១សំឡេង ដែលជាជ័យជម្នះដ៏លើសលុបទល់នឹងគូប្រជែងគឺលោក Mehmood Khan Achakzai ដែលទទួលបានសំឡេងឆ្នោតត្រឹមតែ ១៨១សំឡេងប៉ុណ្ណោះ។ គួរបញ្ជាក់ថា លោក Achakzai គឺជាបេក្ខភាពដែលមានការគាំទ្រដោយគណបក្សរបស់អតីតមេដឹកនាំប៉ាគីស្ថាន លោក Imran Khan ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ។
គួរបញ្ជាក់ថា លោក Asif Ali Zardari ធ្លាប់ឈ្នះឆ្នោតនឹងទទួលបានតំណែងជាប្រធានាធិបតីប៉ាគីស្ថានម្តងកាលពីឆ្នាំ២០០៨ និងកាន់តំណែងរហូតដល់ឆ្នាំ២០១៣ ខណៈក្នុងអាណត្តិរបស់លោកមានហេតុការណ៍ជាប្រវត្តិសាស្រ្តមួយបានកើតឡើង ពោលគឺកងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកបានវាយឆ្មក់ចូលក្នុងប្រទេសប៉ាគីស្ថាន ហើយបានរកឃើញ និងសម្លាប់មេដឹកនាំក្រុមអាល់កៃដា លោក Osama bin Laden នៅក្នុងឆ្នាំ២០១១។ សមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់លោក Zardari ក្នុងអំឡុងអាណត្តិដំបូងរបស់គាត់ត្រូវបានគេមើលឃើញថា គឺជាការកសាងបាននូវការឯកភាពនយោបាយដ៏កម្រមួយ ជាពិសេសគឺការអនុម័តក្របខ័ណ្ឌច្បាប់ និងនយោបាយថ្មីមួយដើម្បីធ្វើវិមជ្ឈការអំណាច និងទប់ស្កាត់អំណាចប្រធានាធិបតីដែលកាន់កាប់ដោយអតីតមេដឹកនាំយោធា៕