អន្តរជាតិ៖ ប្រជាពលរដ្ឋនៅក្នុងតំបន់់់ហ្គាហ្សាបានអះអាងថា អ៊ីស្រាអែលនៅតែបន្តវាយប្រហារនៅលើតំបន់ហ្គាហ្សា ដោយថ្មីៗនេះបានឆ្មក់វាយលុកទៅលើអគារលំនៅដ្ឋានដ៏ធំមួយនៅទីក្រុងរ៉ាហ្វា (Rafah) ដែលស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដែលគេកត់សម្គាល់ថាជាការដាក់សម្ពាធបន្ថែមទៀតទៅលើទីតាំងចុងក្រោយនៃការភៀសខ្លួនរបស់ប្រជាជនប៉ាឡេស្ទីនប្រមាណ ១លាននាក់។
ប្រភពដដែលបានអះអាងថា អគារលំនៅដ្ឋានដែលរងការវាយប្រហារលើកនេះគឺជាអគារដែលមានកម្ពស់ ១២ជាន់ ខណៈប្រជាពលរដ្ឋរាប់សិបគ្រួសារបានបាត់បង់ទីកន្លែងជ្រកកោន ស្របពេលទិន្នន័យអ្នកស្លាប់ពុំត្រូវបានគេរាយការណ៍នៅឡើយ។ ងាកទៅកាន់ភាគីយោធាអ៊៊ីស្រាអែលវិញបានអះអាងថា ទីតាំងដែលខ្លួនវាយលុកលើកនេះគឺជាមូលដ្ឋានដ៏សំខាន់ដែលក្រុមហាម៉ាសប្រើសម្រាប់រៀបចំផែនការវាយប្រហារលើអ៊ីស្រាអែល។ គួរឱ្យដឹងថា អគារដែលរងការវាយប្រហារលើកនេះ គឺមានចម្ងាយប្រមាណតែជាង ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនរបស់អេហ្ស៊ីប។
គួរឱ្យដឹងថា សកម្មភាពរបស់អ៊ីស្រាអែលចុងក្រោយនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើល និងការព្រួយបារម្ភកាន់តែខ្លាំងបន្ថែមទៀត ខណៈចំនួនជាងពាក់កណ្ដាលនៃប្រជាជន ២,៣លាននាក់របស់ប៉ាឡេស្ទីនកំពុងភៀសខ្លួន និងជ្រកកោននៅក្នុងទីក្រុង Rafah នេះ។ អ៊៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនគ្រោងនឹងមានប្រតិបត្តិការយោធាលើទីក្រុង Rafah ដែលខ្លួនអះអាងថាជាមូលដ្ឋានចុងក្រោយបង្អស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស។ យ៉ាងណាក្ដី ប្រតិបត្តិការពិសេសរបស់អ៊៊ីស្រាអែលនេះអាចធ្វើទៅបាន លុះត្រាតែមានការជម្លៀសជនស៊ីវិលចេញពីទីនេះ ខណៈជាក់ស្ដែងមានជនស៊ីវិលតិចតួចប៉ុណ្ណោះដែលត្រូវបានជម្លៀស ឱ្យស្របទៅនឹងការទាមទាររបស់មជ្ឈដ្ឋានអន្តរជាតិ។
គួររំឮកថា ក្រោយឆ្លងការភ្លើងសង្គ្រាមដែលអូសបន្លាយពេលជាង ៥ខែកន្លងមកនេះ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបានអះអាងថា ប្រជាជនប៉ាឡេស្ទីនជិត ៣១,០០០នាក់បានបាត់បង់ជីវិត ហើយគេជឿជាក់ថាមានសាកសពមនុស្សរាប់ពាន់នាក់ទៀតបានកប់នៅក្រោមគំនរអគារបាក់បែក។ កន្លងមក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហាម៉ាសបានអះអាងថា ការឡោមព័ទ្ធវាយប្រហារមួយរបស់អ៊ីស្រាអែលបានបណ្ដាលឱ្យចំណាប់ខ្មាំងចំនួន ៤នាក់បានស្លាប់ ខណៈភាគីយោធាអ៊ីស្រាអែលពុំមានការឆ្លើយតបណាមួយឡើយ ដោយគ្រាន់តែនិយាយាថាការអះអាងដោយគ្មានភស្តុតាងរបស់ក្រុមហាម៉ាសនេះគ្រាន់តែជាការសាកល្បងចិត្តសាស្រ្តប៉ុណ្ណោះ៕