ម៉ាឡេស៊ី៖ ក្រុមហ៊ុន Goodyear Tire & Rubber Co ដែលជាក្រុមហ៊ុនផលិតសំបកកង់ធំមួយរបស់ពិភពលោក គ្រោងនឹងបិទដំណើរការរោងចក្ររបស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី៣០ ខែមិថុនាខាងមុខ ដែលការសម្រេចចិត្តត្រូវគេរំពឹងថានឹងមានផលប៉ះពាល់ដល់បុគ្គលិកប្រមាណជាង ៥០០នាក់។ ក្រុមហ៊ុន Goodyear បានបញ្ជាក់ថា ការសម្រេចចិត្តបិទរោងចក្រដែលមានទីតាំងនៅក្នុងតំបន់ Shah Alam ក្នុងរដ្ឋ Selangor ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៧២នេះ គឺជាផ្នែកមួយនៃកម្មវិធីរៀបចំរចនាសម្ព័ន្ធសាជីវកម្ម Goodyear Forward របស់ខ្លួន ដែលមានគោលបំណងកាត់បន្ថយការចំណាយឱ្យបានចំនួន ១ពាន់លានដុល្លារនៅឆ្នាំ២០២៥។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការសម្រេចចិត្តធ្វើឡើងយ៉ាងលំបាក ហើយក្រុមហ៊ុននៅតែមានការប្តេជ្ញាចិត្តតបស្នងទៅក្រុមការងារទាំងអស់ដោយភាពយកចិត្តទុកដាក់ និងការគោរពឱ្យតម្លៃ។ ក្រុមហ៊ុន Goodyear នៅតែបន្តបម្រើទីផ្សារម៉ាឡេស៊ីជាមួយនឹងផលិតផល និងដំណោះស្រាយឈានមុខគេក្នុងឧស្សាហកម្មរបស់យើង ពីទីតាំងផលិតផ្សេងរបស់ Goodyear។
គួររំឮកថា ថ្មីៗនេះ ក្រុមហ៊ុនត្រូវបានរងការចោទប្រកាន់់ពីការរំលោភលើច្បាប់ការងារ , ការតម្រូវឱ្យមានការថែមម៉ោងច្រើនហួសហេតុ និងពុំបានបើកប្រាក់ឈ្នួលដល់បុគ្គលិក និងកម្មករជាអាទិ៍។
កន្លងមក ភាគីក្រុមហ៊ុន និងកម្មករនិយោជិតក៏បានឈានដល់កិច្ចព្រមព្រៀងរួមមួយកាលពីឆ្នាំ២០២២ ដោយនិយោជិតម្នាក់ៗបានទទួលប្រាក់សំណងពី ៥០,០០០រីងហ្គីត ទៅដល់ ២០០,០០០ រីងហ្គីត (ប្រមាណជា ១០,៦០០ ទៅ ៤២,៦០០ដុល្លារអាមេរិក) អាស្រ័យទៅលើអតីតភាពនៃការងាររៀងៗខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រ អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) បាននិយាយថា ការបិទរោងចក្រនេះនឹងផ្តល់ផលប៉ះពាល់ដោយផ្ទាល់ដល់បុគ្គលិកប្រហែល ៥៥០នាក់៕