
លោក ឯម ច័ន្ទមករា ស្នើសុំដៃគូអភិវឌ្ឍពិនិត្យលទ្ធភាពដើម្បីជួយដល់ក្រសួងយុត្តិធម៌ក្នុងកិច្ចការផ្សព្វផ្សាយវិស័យច្បាប់នៅកម្ពុជា
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ឯម ច័ន្ទមករា បានស្នើដល់ដៃគូអភិវឌ្ឍ និងតំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាពិនិត្យលទ្ធភាពដើម្បីជួយដល់ក្រសួងយុត្តិធម៌ក្នុងកិច្ចការផ្សព្វផ្សាយវិស័យច្បាប់នៅកម្ពុជា។
ការស្នើនេះធ្វើឡើងក្នុងដែលលោកចូលរួមក្នុងពិធីលៀងសាយភោជនពិភាក្សាការងាររវាងតំណាងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលតាមក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ ដែលដៃគូដែលធ្លាប់មានទំនាក់ទំនងល្អជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) នៅសណ្ឋាគារ Hyatt Regency Phnom Penh នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤។
ជាការឆ្លើយតបអ្នកតំណាងប្រចាំប្រទេស នៃអង្គការ UNDPលោកស្រី Alissar Chaker និងលោក Andreas Zurbrugg បានសម្តែងការចាប់អារម្មណ៍ក្នុងការពិចារណាជួយលើគម្រោងខាងលើនេះ។
គួរបញ្ជាក់ផងដែរថា ពិធីលៀងសាយភោជនពិភាក្សានេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍ភាពជាដៃគូរបស់អង្គការ UNDP ក្នុងដំណើរបំពេញបេសកកម្មរបស់លោក Christophe Bahuet អនុប្រធានប្រចាំតំបន់នៃអង្គការ UNDP មកកាន់កម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោក សុខ ពុទ្ធិវុធ រួមទាំងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា មន្ត្រីជាន់ខ្ពស់ស្ថានទូតនានាប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំនៃអង្គការដៃគូអភិវឌ្ឍជាច្រើនរូបទៀត៕