អ្នកនាំពាក្យ៖ ស្រ្តីជាអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ រួមចំណែកលើកស្ទួយសមភាពយេនឌ័រ និងលើកកម្ពស់តម្លៃស្ត្រីក្នុងសង្គម
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធិ លើកឡើងថា ស្ត្រីជាកត្តាធនធានមនុស្សមិនអាចខ្វះបានក្នុងវិស័យព័ត៌មាន ហើយស្រ្តីដែលជាអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ និងយ៉ាងសកម្មក្នុងការរួមចំណែកលើកស្ទួយសមភាពយេនឌ័រ ការពារនិងលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គម។
លោក ទេព អស្នារិទ្ធិ បានឱ្យដឹងថា ស្របពេលដែលសង្គមមានការរីកចម្រើន ការអភិវឌ្ឍក្នុងវិស័យព័ត៌មានបានបង្កឱកាសបន្ថែមទៀតសម្រាប់ស្ត្រី ដែលការចូលរួមរបស់ស្ត្រីទាំងក្នុងសារព័ត៌មាន ការផលិតមាតិកាព័ត៌មានអនឡាញ និងជាអ្នកដឹកនាំកម្មវិធីផ្សាយព័ត៌មាននានាមានការកើនឡើង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង ចំណេះដឹង ការកំសាន្ត និងព័ត៌មានផ្សេងៗទៀត ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប សម្រាប់ជាប្រយោជន៍ដល់ការប្រកបការងារ របរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
លោកបន្ថែមថា យ៉ាងណាក៏ដោយ ឱកាសក្នុងការទទួលបានការងារក្នុងវិស័យព័ត៌មាននៅមានកម្រិតនៅឡើយ ជាពិសេសសម្រាប់ស្រ្តីដែលរស់នៅតាមជនបទ បើធៀបនឹងចំនួនអ្នកសារព័ត៌មានទាំងអស់។ ម្យ៉ាងទៀត ស្ត្រីប្រឈមនឹងហានិភ័យមួយចំនួនជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសុខុមាលភាពការងារ។ ទន្ទឹមនេះ វប្បធម៌ និងផ្នត់គំនិតចំពោះស្ត្រីដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមកម្ពុជា ក៏ជាកត្តារារាំងដល់ស្ត្រី និងក្មេងស្រី ក្នុងការចូលរួមឱ្យបានពេញលេញ។
លោកបានឱ្យដឹងទៀតថា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល មានភាពចាំបាច់ក្នុងការប្រែក្លាយឱកាសជាមធ្យោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យព័ត៌មាន ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីបង្កើនការរួមចំណែករបស់ស្រ្តីក្នុងវិស័យព័ត៌មាន ជួយដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យសម្របខ្លួនបានទៅនឹងសម័យកាលនៃការវិវត្តបច្ចុប្បន្ន។
អ្ននាំពាក្យរូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់តម្លៃខ្ពស់ដល់ការចូលរួមរបស់ស្ត្រីជាវិស័យអាទិភាពមួយ ដោយបានដាក់បញ្ចូល «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល» ទៅក្នុងផែនការយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត។ ក្នុងនោះ ក្រសួងព័ត៌មានបានផ្តល់ឱកាសជូនដល់មន្ត្រីរាជការនិង អ្នកសារព័ត៌មានជាស្ត្រី និងលើកទឹកចិត្តដល់ស្ត្រីនៅកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាលផ្នែកព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ អក្ខរកម្មឌីជីថល បច្ចេកវិទ្យា ធុរកិច្ចឌីជីថល ដែលចំណេះ និងជំនាញទាំងនេះនឹងផ្តល់ឱ្យពួកគាត់នូវភាពអង់អាច លទ្ធភាព និងបង្កើនសក្តានុពលសម្រាប់ស្ត្រីក្នុងការអភិវឌ្ឍខ្លួនឯង និងចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។
លោកថា៖ «យើងចាំបាច់ត្រូវធានាថា ស្ត្រី និងក្មេងស្រី នឹងទទួលបានឱកាស និងអត្ថប្រយោជន៍ពីបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍនៃវិស័យព័ត៌មាន តាមរយៈការលើកទឹកចិត្តឱ្យបងើ្កនកូតាស្រ្តីក្នុងការទទួលបានការបណ្តុះបណ្តាល ជំរុញការផ្សព្វផ្សាយប្រធានបទស្តីពីស្ត្រីបន្ថែមទៀត បង្កឱកាសការងារសម្រាប់ស្ត្រីទាំងក្នុងក្របខណ្ឌរដ្ឋនិងឯកជន ក៏ដូចជាសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនានា លើកកម្ពស់ការផ្សព្វផ្សាយពីយេនឌ័រ បង្កបរិយាកាសសមរម្យនិងងាយស្រួលសម្រាប់ស្ត្រីក្នុងការងារព័ត៌មាន និងទំនាក់ទំនង ព្រមទាំងលើកកម្ពស់សិទ្ធិស្ត្រីក្នុងសង្គមកម្ពុជាទាំងមូល»។
គួរឱ្យដឹងដែរថា ក្រសួងព័ត៌មានបាន និងកំពុងពាំនាំនូវគំនិត សំឡេងរបស់ស្ត្រីនិង ក្មេងស្រី ទៅកាន់សង្គមទាំងមូល និងពិភពលោក ព្រមទាំងជំរុញការលើកកម្ពស់សិទ្ធិរបស់ពួកគេ ឱ្យបានកាន់តែទូលំទូលាយនៅគ្រប់ស្រទាប់សង្គម ដើម្បីបង្កឱកាស និងលើកតម្កើងការចូលរួមរបស់ស្ត្រី និង ក្មេង ស្រី សម្រាប់ការអភិវឌ្ឍទទួលបានលទ្ធផលជាវិជ្ជមាន ជាប្រយោជន៍ដល់ស្ត្រីនិងក្មេងស្រីផ្ទាល់ ក៏ដូចជាដល់សហគមន៍ និងជាតិទាំងមូល៕