តុលាការរុស្សីកាត់ទោសអ្នកសារព័ត៌មានម្នាក់ដាក់ពន្ធនាគារ ៧ឆ្នាំជុំវិញអត្ថបទពីសង្គ្រាមនៅអ៊ុយក្រែន
រុស្សី៖ អ្នកសារព័ត៌មានឯករាជ្យនៃស្ថាប័នសារព័ត៌មានរបស់រុស្សីម្នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ដោយមូលហេតុនៃអត្ថបទមួយដែលលោកបានសរសេរអំពីការចោទប្រកាន់លើឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីដែលបានវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ អ្នកសារព័ត៌មានដែលត្រូវតុលាការផ្តន្ទាទោសនេះមានឈ្មោះថា Roman Ivanov បម្រើការងារឱ្យស្ថាប័ន RusNews ត្រូវបានកាត់ទោសពីបទផ្សាយ "ព័ត៌មានក្លែងក្លាយ" អំពីកងទ័ពរុស្ស៊ី ក្រោមច្បាប់ត្រួតពិនិត្យក្នុងសម័យសង្គ្រាម ដែលច្បាប់នេះបានអនុម័តភ្លាមៗបន្ទាប់ពីមានការឈ្លានពានទៅលើអ៊ុយក្រែនកាលពីពីរឆ្នាំមុន។
កន្លងមក រុស្សីតែងតែបានប្រើប្រាស់ច្បាប់នេះដើម្បីបង្ក្រាបអ្នកកាសែត និងសកម្មជនដែលរាយការណ៍ព័ត៌មានដែលប្រឆាំងនឹងអ្វីដែលរដ្ឋាភិបាលរុស្សីហៅថាជា "ប្រតិបត្តិការយោធាពិសេស" របស់ខ្លួននៅអ៊ុយក្រែន។ ការចោទប្រកាន់លើលោក Ivanov កើតឡើងក្រោយពីលោកបានសរសេរ និងចេញផ្សាយនូវអត្ថបទដែលនិយាយអំពីការសម្លាប់រង្គាលនៅទីក្រុង Bucha ប្រទេសអ៊ុយក្រែន, របាយការណ៍ឧក្រិដ្ឋកម្មសង្គ្រាមរបស់អង្គការសហប្រជាជាតិ និងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។
ផ្អែកតាមប្រភពពីសារព័ត៌មាន RusNews ដែលជាស្ថាប័នបម្រើការរបស់ Roman Ivanov ផ្ទាល់បានឱ្យដឹងថា រដ្ឋអាជ្ញានៃតុលាការទីក្រុង Korolyov បានស្នើសុំការកាត់ទោសដាក់ពន្ធនាគារលើលោករយៈពេល ៨ឆ្នាំ។ នៅក្នុងសំដីជាចុងក្រោយរបស់លោក Ivanov នាពេលបិទបញ្ចប់សវនាការ អ្នកសារព័ត៌មានរូបនេះបានថ្លែងថា៖ "ប្រទេសរបស់យើង (រុស្សី) បានប្រែទៅជានិមិត្តសញ្ញានៃទុក្ខព្រួយ និងសំណាងអាក្រក់"។ លោកបញ្ជាក់ថា ការសម្រេចចិត្តប្រកាសអំពីព្រឹត្តិការណ៍ដែលកើតមាននៅទីក្រុង Bucha ដើម្បីឱ្យប្រជាជនរុស្ស៊ីបានឃើញអំពីសង្រ្គាមនេះ គ្មានបាននាំអ្វីមកឡើយក្រៅពី ការភ័យខ្លាច ការឈឺចាប់ ទុក្ខព្រួយ ការបំផ្លិចបំផ្លាញ និងការបាត់បង់។ លោកថ្លែងថា៖ "យើងត្រូវតែយល់ច្បាស់ថា អ្វីៗដែលកើតមាន (នៅអ៊ុយក្រែន) នាពេលនេះ គឺជាកំហុសរបស់យើង (រុស្សី)"។
គួរបញ្ជាក់ថា លោក Ivanov គឺជាអ្នកកាសែតនៃស្ថាប័ន RusNews ទីពីរហើយ ដែលត្រូវបានកាត់ទោសឱ្យជាប់គុកពីបទ "ព័ត៌មានក្លែងក្លាយ" បន្ទាប់ពីសហសេវិកនៃស្ថាប័ន RusNews គឺកញ្ញា Maria Ponomarenko ត្រូវបានកាត់ទោសកាលពីខែមុនឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ក្រោមបទចោទប្រកាន់លើទីក្រុងម៉ូស្គូថាបានទម្លាក់គ្រាប់បែកនៅលើរោងមហោស្រព ក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន ក្នុងខែដំបូងនៃសង្គ្រាមនេះ៕