កម្ពុជា-ឡាវនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអោយបានជិតស្និត ដើម្បីនាំមកនូវការរីចំរើនដល់កងទ័ពប្រទេសទាំងពីរ
ឡាវ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ថ្លែងថា ទាក់ទងទៅនឹងទំនាក់ទំនងរវាងក្រសួងការពារជាតិទាំងពីរកម្ពុជា-ឡាវ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអោយ បានជិតស្និតដើម្បីនាំមកនូវការរីចំរើនដល់កងទ័ពប្រទេសទាំងពីរ ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន លោក ទៀ សីហា ថ្លែងដូចនេះបានជួបប្រជុំទ្វេភាគី ជាមួយ លោក ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវនៅទីក្រុងហ្លួងព្រះបាង នៅប្រទេសឡាវ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៤ ។
ក្នុងឱកាសនោះ លោក ទៀ សីហា បានវាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ជាបងប្អូន ជាប្រទេសភូមិផងរបងជាមួយគ្នា ដែលធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិជាប្រវត្តិសាស្ត្រ មួយគ្នាតាំងពីយូរលុងណាស់មកហើយ និង បានសម្តែងការអបអរសាទរចំពោះប្រទេសឡាវដែលបានរៀចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននាពេលនេះ។
លោកបានបញ្ជាក់ថា ការធ្វើសហប្រធានរវាងឡាវ និង សហព័ន្ធរុស្សី ក្នុងក្រុមការងារជំនាញ កិច្ចប្រជុំ ADMM បូកលើការងារសង្គ្រោះមហន្តរាយមនុស្សធម៌ នឹងនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសឡាវ រួមនិងកម្ពុជា ព្រមទាំងប្រទសអាស៊ានផងដែរ។
ជាមួយគ្នានេះ លោក ចាន់សាម៉ន ចាន់យ៉ាឡាត បានសម្តែងការស្វាគមន៍ចំពោះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដែលបានមកកាន់ប្រទេសឡាវ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន ព្រមទាំងបានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាសហប្រធានប្រកបដោយជោគជ័យជាមួយ សាធារណរដ្ឋប្រជាមាននិតចិន ក្នុងក្រុមការងារជំនាញ កិច្ចប្រជុំ ADMM បូក លើការងារដោះមីនមនុស្សធម៌ ព្រមទាំងអបអរសាទរចំពោះកម្ពុជាផងដែរ ដែលបានធ្វើជាសហប្រធាន ជាមួយអូស្ត្រាលី លើជំនាញ សន្តិសុខព័ត៌មានវិទ្យា។
លោក ចាន់សាម៉ន ចាន់យ៉ាឡាត បានស្នើសុំការគាំទ្រពីកម្ពុជា ក្នុងពេលដែលឡាវ ធ្វើសហប្រធាន ជាមួយសហពន្ធ័រុស្សី លើការងារសង្គ្រោះគ្រោះមហន្តរាយមនុស្សធម៌ ដោយបានបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា ឡាវ គឺមានប្រពៃណីទំនាក់ទំនងជាបងប្អូននឹងគ្នា ជាទំនាក់ទំនងមួយដែលមាន វប្បធម៌ ប្រពៃណី ជាមួយគ្នាតាំងពីយូរលុងណាស់មកហើយ ពីមួយជំនាន់ ទៅមួយជំនាន់។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ក៏បានអបអរសាទរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍ លើវិស័យ សង្គម និង សេដ្ឋកិច្ច ហើយលោកបានសម្តែងជំនឿជឿជាក់ថា ប្រទេសទាំងពីរ កងទ័ពទាំង ពីរកម្ពុជាឡាវ និង បន្តកិច្ចសហប្រតិបត្តិការគ្នាកាន់តែជិតស្និតថែមទៀត ជាពិសេសបន្តពង្រឹងនូវទំនាក់ទំនង ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះ កម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានខិតខំកសាងឡើងនូវកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា ឡាវ ក្នុងពេលកន្លងមក៕