សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានចាត់តាំងជាសមាជិកព្រឹទ្ធសភា
ភ្នំពេញ៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះលេខាផ្ទាល់ព្រះមហាវីរៈក្សត្រ នរោត្តម សីហនុ នឹងត្រូវចាត់តាំងជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៤/២៤២ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់សមាជិករាជវង្សចំនួន ០២ ព្រះអង្គ សម្រាប់តែងតាំងជាសមាជិកព្រឹទ្ធសភា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ដែលបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី៥ ខែមីនា ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈព្រឹទ្ធសភាចំនួន ៥៥អាសនៈ គណបក្សឆន្ទៈខ្មែរឈ្នះបាន ៣អាសនៈ ក្នុងចំណោមអាសនៈសរុប៦២។ បើតាមមាត្រា ១០០ ថ្មីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាបានចែងថា សមាជិកព្រឹទ្ធសភា ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប រួមនឹងសមាជិកព្រឹទ្ធសភា ២រូបទៀត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។
ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូងក្នុងរយៈពេល ៦០ថ្ងៃយ៉ាងយូរ ក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ខណៈកិច្ចប្រជុំដំបូងនៃព្រឹទ្ធសភានីតិកាលទី៥ គ្រោងនឹងធ្វើឡើងនៅដើមខែមេសាខាងមុខនេះ៕