អភិបាលខេត្តបន្ទាយមានជ័យ៖ ត្រូវរួមគ្នាបង្ក្រាបករណីគ្រឿងញៀន ក្មេងទំនើង និងបទល្មេីសផ្សេងៗក្នុងមូលដ្ឋានកុំឱ្យកើតមាន
បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុកទាំង៩ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមសហការបង្ក្រាបករណីជួញដូរ រក្សា ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើងនៅតាមមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
ការដាក់ចេញនូវបទបញ្ជានេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុង-ស្រុកនៅក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក បានបញ្ជាក់ ជំហានដំបូងនេះ គឺរដ្ឋបាលខេត្តបានធ្វើតេស្តទៅលើមន្ត្រីរាជការនៅក្នុងមន្ត្រីទាំងអស់ ហើយនឹងធ្វើជាបន្តបន្ទាប់ទៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធអង្គភាព រដ្ឋបាលស្រុក-ក្រុង ដើម្បីឱ្យច្បាស់ថាមន្ត្រីរាជការ មិនត្រូវពាក់ព័ន្ធនូវសារធាតុញៀន ហើយបើក្នុងករណីរកឃើញមន្ត្រីណាមានជាប់ពាក់ព័ន្ធរកឃើញសារធាតុញៀន និងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែងឡើយ។
អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់បន្ថែមថា ក្រៅពីបញ្ហាគ្រឿងញៀន ដែលត្រូវចាំបាច់យកចិត្តទុកដាក់បង្ក្រាបហើយនោះ ល្បែងស៊ីសង និងក្មេងទំនើង ក៏ជាបញ្ហាដែលអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ ជាពិសេសសិស្សានុសិស្ស ដែលមានការគេចសាលានៅម៉ោងសិក្សា ដើម្បីធ្វើការប្រមូលយកមកអប់រំ ណែនាំធ្វើកិច្ចសន្យា៕