ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ប្រធានរដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង

ប៉ារីស៖ ប្រធានរដ្ឋសភាបារាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនៅសាធារណរដ្ឋបារាំង ដើម្បីការពារផលប្រយោជន៍ស្រ្តីលើសកលលោក។

លោកស្រី យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំងបញ្ចាក់ដូចនេះក្នុងឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាកម្ពុជា នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាបារាំង នាទីក្រុងប៉ារីស។

ប្រធានរដ្ឋសភាបារាំង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋបារាំង និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី ដែលសភាប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងប្រមូលផ្តុំសំឡេងតំណាងពលរដ្ឋជាស្រ្តី ដើម្បីការពារផលប្រយោជន៍ស្រ្តីនៅទូទាំងពិភពលោក។

ជាមួយគ្នានេះ លោកស្រី យ៉ាអ៊ែល ប្រូន ពីវេ បានសម្តែងក្តីរីករាយ ដែលភាសាបារាំងនៅតែបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជា។ ភាគីបារាំងបានស្នើដល់ភាគីកម្ពុជា ជួយគាំទ្រដល់ការពង្រីកការអប់រំភាសាបារាំងដល់យុវជនជំនាន់ក្រោយបន្ថែមទៀត ជាពិសេសការបង្កើតសាលារៀនបានច្រើន និងមានផាសុខភាព ងាយស្រួលដល់ការសិក្សារបស់សិស្ស។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារាំង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកដល់ការរក្សាបាននូវគោលការណ៍ពហុភាគីនិយម លើកកម្ពស់យន្តការសន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ជូនពលរដ្ឋជាសកល ក្នុងខណៈដែលសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅស្ថានភាពមួយមិនច្បាស់លាស់ ប្រែប្រួលយ៉ាងឆាប់រហ័ស ព្រមទាំងមានការផ្ទុះឡើងនូវសង្រ្គាមក្នុងតំបន់នានាមួយចំនួន។

សម្តេចប្រធានរដ្ឋសភា បានស្នើសុំឱ្យសភាបារាំងជួយផ្តល់ការបណ្តុះបណ្តាលមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងឈានទៅជាប្រទេសដៃគូយុទ្ធសាស្រ្ត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងគ្នានៅគ្រប់កម្រិត មានកម្រិតគណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន និងអ្នកស្រាវជ្រាវកិច្ចការសភាជាដើម។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសបារាំងលើកកម្ពស់ទំហំពាណិជ្ជកម្ម និងទេសចរណ៍នៃប្រទេសទាំងពីរឱ្យកើនឡើង ព្រមទាំងលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

គួរឱ្យដឹងដែរថា ដំណើរទស្សនកិច្ច និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសបារាំងនាពេលនេះ មិនត្រឹមជាការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំថែមប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសល្អមួយរបស់រដ្ឋសភាកម្ពុជា ក្នុងការពង្រឹងវិស័យការទូតសភា និងបណ្តាញសមាជិកសភាស្រ្តី ជាមួយសភានានានៅលើសកលលោក ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព វិបុលភាពសង្គម និងបរិយាបន្នជូនប្រជាពលរដ្ឋប្រកបដោយចីរភាព ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក