ស្ទឹងត្រែង៖ ពងកន្ធាយក្បាលកង្កែបចំនួន ៥៥ពង ត្រូវបានប្រជានេសាទនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ប្រទះឃើញនៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ បច្ចុប្បន្នពងកន្ធាយក្បាលកង្កែបទាំងអស់នេះត្រូវបានយកទៅរក្សានិងភ្ញាស់នៅកន្លែងសុវត្ថិភាព។
ទាំងនេះជាលទ្ធផលវិជ្ជមាន ដែលកើតចេញពីការចូលរួមការពារធនធានជលផល របស់អ្នកពាក់ព័ន្ធទាំងអស់គ្នា។
កន្ធាយក្បាលកង្កែបស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរងគ្រោះជិតផុតនៅលើសាកលលោក ខណៈចំនួនរបស់វានៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចាប់តាំងពីឆ្នាំ២០០៧មក អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានអនុវត្តគម្រោងអភិរក្សកន្ធាយក្បាលកង្កែប ដោយសហការជាមួយរដ្ឋបាលជលផល និងសម្ព័ន្ធដើម្បីការរស់រានប្រភេទសត្វអណ្តើក។
កូនកន្ធាយ ត្រូវបានក្រុមការពារសម្បុកសហគមន៍តែង ប្រមូលយកពីលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្រោយពីវាបានញាស់ចេញពីសម្បុកភ្លាម បន្ទាប់មកយកវាទៅចិញ្ចឹមថែទាំរយៈពេលពី២-៤សប្តាហ៍ ទើបលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ ជារៀងរាល់ឆ្នាំ កន្ធាយក្បាលកង្កែប (ឬល្មិច) ចាប់ផ្តើមបង្កកំណើតចន្លោះពីខែវិច្ឆិកា ដល់ខែមិថុនា។
គូសបញ្ជាក់ថា ការប្រមូលយកពងកូន ឬចាប់យកមេពូជកន្ធាយក្បាលកង្កែបមកលក់ ឬធ្វើជាម្ហូបគឺជាអំពើខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕