UNDP៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានមានភាពច្បាស់លាស់ដើម្បីផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់
ភ្នំពេញ៖ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លើកឡើងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ មានភាពច្បាស់លាស់ និងសាមញ្ញភាពដើម្បីផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់។
នាយកប្រចាំតំបន់នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លោក គ្រីសស្ទូប ប៉ាហូដ (Christophe Bahuet) ថ្លែងសរសើរដូចនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
លោក គ្រីសស្ទូប ប៉ាហូដ ថ្លែងឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោកទទួលស្តាប់នូវការរៀបរាប់យ៉ាងលម្អិតរបស់ រដ្ឋមន្រ្តីក្រសួងបរិស្ថានស្តីពីការងារអាទិភាពរបស់ក្រសួងបរិស្ថានដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ជាត្រីវិស័យចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកប្រភពថាមពលស្អាត ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។
គួរឱ្យដឹងដែរថា ក្រសួងបរិស្ថាន និងUNDP បាននិងកំពុងបន្តកិច្ចសហការជាមួយគ្នា លើគម្រោងកម្មវិធីអភិវឌ្ឍនានាសម្រាប់ប្រទេសកម្ពុជា ដែលបានផ្តោតជាសំខាន់លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍសហគមន៍តាម-រយៈគម្រោង REDD+ និងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នា UNDP នឹងគាំទ្រយុទ្ធសាស្រ្តជាគន្លឹះរបស់ក្រសួងបរិស្ថាន ដើម្បីទទួលបានភាពជោគជ័យជាមួយគ្នា ក្នុងភាពជាដៃគូអភិវឌ្ឍន៍នៅក្នុងតំបន់៕