លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

មហាសេដ្ឋីអចលនទ្រព្យវៀតណាមមួយរូប ស្ថិតក្នុងសវនាការនៃការជំនុំជម្រះរឿងរ៉ាវលុយជាង ១២,៥ពាន់លានដុល្លារអាមេរិក

វៀតណាម៖ មហាសេដ្ឋីអចលនទ្រព្យវៀតណាមកំពូលមួយរូប រួមជាមួយមនុស្សរាប់សិបនាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅតុលាការដើម្បីបើកសវនាការនាថ្ងៃទី៥ ខែមីនានេះ ជុំវិញការចោទប្រកាន់ពីបទកេងបន្លំប្រាក់ចំនួន ១២.៥ពាន់លានដុល្លារនៅក្នុងសំណុំរឿងក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់វៀតណាម។ លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ Van Thinh Phat ត្រូវបានគេចោទប្រកាន់ថា លោកស្រីបានប្រព្រឹត្តអំពើបោកប្រាស់យកសាច់ប្រាក់ពីធនាគារ Saigon Commercial Bank (SCB) ក្នុងរយៈពេលមួយទស្សវត្សរ៍នេះពីអ្នកវិនិយោគជាច្រើនរូប។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបញ្ជាក់ថា មនុស្សចំនួន ៨៥នាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនមកសវនាការនៅតុលាការក្រុងហូជីមិញផងដែរ ដែលក្នុងនោះរួមមានទាំងអតីតបុគ្គលិកធនាគារកណ្ដាល, អតីតមន្ត្រីរដ្ឋាភិបាល និងអតីតនាយកប្រតិបត្តិរបស់ធនាគារ SCB ផងដែរ។ បច្ចុប្បន្ននេះ បុគ្គលទាំងនោះត្រូវបានតុលាការចោទប្រកាន់ពីបទស៊ីសំណូក, ការរំលោភអំណាច និងការបំពានលើទៅច្បាប់របស់ធនាគារ។

បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីរូបភាពនៃរថយន្តរាប់សិបគ្រឿង ដឹកជនត្រូវចោទរាប់រយនាក់ទៅកាន់តុលាការដែលត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងពីមន្រ្តីសន្តិសុខរបស់ពន្ធនាគារ។ ប៉ូលីសបានកំណត់អត្តសញ្ញាណជនរងគ្រោះប្រហែល ៤២,០០០នាក់ ដែលបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេសវៀតណាម ហើយមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាមកធ្វើបាតុកម្មនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដែលជារូបភាពកម្រមានបំផុតនៅក្នុងសង្គមនៃរដ្ឋកុម្មុយនិស្តឯកបក្សមួយនេះ។ 

លោកស្រី Truong My Lan គឺជាភរិយាអ្នកជំនួញហុងកុងដ៏ស្ដុកស្តម្ភម្នាក់ ហើយលោកស្រីត្រូវបានគេចោទប្រកាន់ថាបានបង្កើតកម្មវិធីប្រាក់កម្ចីក្លែងក្លាយដើម្បីដកប្រាក់ពីធនាគារ SCB ដែលលោកស្រីមានភាគហ៊ុនកាន់កាប់ប្រមាណជា ៩០ភាគរយ។ អាជ្ញាធរបញ្ជាក់ថា លោកស្រី Lan បានសូកប៉ាន់ប្រាក់ ៥,២លានដុល្លារសហរដ្ឋអាមេរិកដល់មន្ត្រីរដ្ឋដើម្បីលាក់បាំងការបំពានលើលក្ខខណ្ឌនៃធនាគារ SCB ដែលនេះគឺជាទំហំប្រាក់សំណូកដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់វៀតណាម។ 

បើផ្អែកតាមព្រឹត្តបត្រច្បាប់របស់ទីក្រុងហូជីមិញបានឱ្យដឹងថា រដ្ឋអាជ្ញាចំនួន ១០នាក់ រួមជាមួយមេធាវីប្រមាណជា ២០០នាក់ បានចូលរួមក្នុងដំណើរការសវនាការនេះ ខណៈឯកសារផ្សេងៗក្នុងសំណុំរឿងមានទម្ងន់ប្រមាណជា ៦តោន នឹងត្រូវលើកយកមកដំណើរការក្នុងសវនាការដែលដំណើរការជាង ២ខែ។ យ៉ាងណាមិញ ប្រសិនបើពិរុទ្ធភាពត្រូវបានរកឃើញ នោះ​ករណី​កិបកេងប្រាក់ចំនួន ១២,៥ពាន់​លាន​ដុល្លារ​នេះ អាច​ជា​ការ​កិបកេង និងក្លែង​បន្លំ​ហិរញ្ញវត្ថុដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក