ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់រវាងប្រទេសទាំងពីរ

អូស្រ្តាលី៖ ថ្នាក់ដឹកនាំកម្ពុជា និងហ្វីលីពីនបានពិភាក្សាគ្នាលើវិស័យសំខាន់ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន ដែលរួមមានដូចជា វិស័យពាណិជ្ជកម្ម វិស័យការពារជាតិ និងការតភ្ជាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ និងបានបញ្ជាក់ថា ជំនួបនេះជាឱកាសដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរក្នុងវិស័យពាណិជ្ជកម្ម បានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ចំពោះការតភ្ជាប់ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី បានឯកភាពគ្នា ដើម្បីសិក្សា និងជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរឱ្យបានកាន់តែសម្បូរបែប។

ដោយឡែក ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការល្អប្រសើរនាពេលកន្លងមក ជាមួយនឹងការប្ដេជ្ញាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឈានទៅដល់ការធ្វើលំហាត់រួមគ្នាទ្វេភាគីនាថ្ងៃអនាគត។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការងារមួយចំនួនទៀតពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម រវាងកម្ពុជា-ហ្វីលីពីន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក