ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថាប្រទេសចិន ជាប្រទេសឈានមុខគេនៅក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេសមិត្តចិនកំពុងចូលរួមជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្តថាក្នុងបច្ចុប្បន្ននេះ ជំនួយមនុស្សធម៌មិនថាក្នុងបរិមាណណាទេគឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន និងបង្ហាញអំពីទឹកចិត្តឈឺឆ្អាលប្រកបដោយមនសិការ ក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះខណៈដែលវ៉ាក់សាំងបានក្លាយជាទំនិញយុទ្ធសាស្រ្តសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងយ៉ាងដូច្នេះថា៖ «ជាការពិតណាស់ ក្នុងក្របខណ្ឌសកលសាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងការផ្តល់វ៉ាក់សាំង ដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស បាននិងកំពុងចូលរួមជួយជ្រោមជ្រែង ប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ការណ៍នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ មិនអាចប្រកែកបាន អំពីសន្តានចិត្តមនុស្សធម៌ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសចិន ជាពិសេសស័ក្តិសមជាប្រទេសមហាអំណាចមួយ ដែលមានភាពជាអ្នកដឹកនាំច្បាស់លាស់»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបញ្ជាក់ថា «ជាក់ស្តែងកម្ពុជា បាននិងកំពុងទទួលនូវជំនួយជាបន្តបន្ទាប់ពីមិត្តចិន ពោលគឺជាថវិកាហិរញ្ញប្បទាន ឧបករណ៍ និងសម្ភារវេជ្ជសាស្ត្រ និងជាពិសេស វ៉ាក់សាំងនេះតែម្តង ដែលបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺ និងសម្រេចបានអត្រាខ្ពស់ នៃការចាក់វ៉ាក់សាំងជូនប្រជាជន»៕