ក្រុមហ៊ុន SunRice Group បន្តវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គនៅកម្ពុជាដើម្បីនាំចេញទីផ្សារបរទេស
អូស្រ្តាលី៖ ក្រៅពីនាំចូលអង្ករពីកម្ពុជា ក្រុមហ៊ុនអូស្រ្តាលី SunRice Group មានបំណងចង់ពង្រីកការវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
គម្រោងវិនិយោគនេះត្រូវបានប្រកាសឱ្យដឹងនៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group លោក Paul Serra នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលីទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។
លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកចង់ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករដើម្បីនាំចេញទៅទីផ្សារបរទេស។
ការសម្រេចបន្តវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានេះ លោកថា ក្រុមហ៊ុនបានកត់សម្គាល់ឃើញកម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាលើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ។
សម្ដេចធិបតីក៏បានបញ្ជាក់ជូនក្រុមហ៊ុនថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូននិងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា។
សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរដេីម្បីគាំទ្រដល់សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែង និងផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន។ សម្តេចធិបតី ក៍បានលេីកទឹកចិត្តឱ្យក្រុមហ៊ុនទស្សនកិច្ចនៅកម្ពុជាដេីម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀត ដោយសារជាមួយក្រសួ ងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕