៣ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងខុសច្បាប់ ៣០០ទីតាំង ឃាត់ខ្លួនជាង ៥០០នាក់
ភ្នំពេញ ៖ គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នគរបាលក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន ៣០០ទីតាំង លើ ១៩រាជធានី-ខេត្ត ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៤៩៦នាក់។ នេះបើតាមការគូសបញ្ជាក់របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ (សុខៈ) បានឱ្យថា ក្នុងចំណោមទាំង ៣០០ទីតាំងដែលបង្ក្រាបបាននោះ សមត្ថកិច្ចនគរបាលបានចាត់វិធានការច្បាប់ចំនួន ៦៩ទីតាំង លើ ១៥រាជធានី-ខេត្ត ពោលគឺកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ដែលមានជនសង្ស័យ ១៩៤នាក់ផងដែរ។
អ្នកនាំពាក្យរងរូបនេះអះអាងថា ក្នុងចំណោម ៦៩ទីតាំងដែលបញ្ជូនទៅតុលាការនេះ ក៏មានហ្គេមអនឡាញ ខុសច្បាប់ចំនួន ១ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់។ ការលេងល្បែងភ្នាល់តាមអ៊ីនធឺណេតជ្រកក្រោមផ្លាកអាជីវកម្ម ឬអាជ្ញាប័ណ្ណចំនួន៧ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន ៣១នាក់។ ក្រៅពីនេះ មានល្បែងផ្សេងៗដែលកើតតាមមូលដ្ឋានចំនួន ៦១ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១ ៥៧នាក់។
លោកបញ្ជាក់ទៀតថា ក្រៅពីការចាត់វិធានច្បាប់ នគរបាលក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការរដ្ឋបាលផងដែរនៃចំនួនទាំង ៣០០ទីតាំងដែលបង្ក្រាប។ ក្នុងនោះ ចាត់វិធានការរដ្ឋបាល បានចំនួន ២៣១ទីតាំង លើ ១០រាជធានី-ខេត្ត ដោយបានអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តិ លើមនុស្សចំនួន ៣៣៩នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា អនុវត្តតាមបទបញ្ជា និងគោលការណ៍ «សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដឹកនាំកម្លាំងជំនាញតាំងពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ស្នងការដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំ ដើម្បីប្រសិទ្ធផលនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យស្របតាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
គួរឱ្យដឹងដែរថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាមុខសញ្ញាមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីកាលពីដើមអាណត្តិទី៧ រួមមាន បញ្ហាគ្រឿងញៀន បញ្ហាចរចារណ៍ បទល្មើសព្រហ្មទណ្ឌទូទៅ បញ្ហាក្រុមក្មេងទំនើង ការជួញដូរមនុស្ស និងការដោះស្រាយបញ្ហាតាមព្រំដែនទាំងគោកនិងទឹក៕