ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យ៖ ការបញ្ឈប់ដំណើរការរបស់សារព័ត៌មានបោះពុម្ភភ្នំពេញបុស្តិ៍ ជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ លើកឡើងថា ការបញ្ឈប់ដំណើរការនៅចុងខែមីនាខាងមុខរបស់សារព័ត៌មានបោះពុម្ភភ្នំពេញបុស្តិ៍ ដែលមានអាយុជាង ៣០ឆ្នាំ ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី។

លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ បានជួបផលវិបាកនានាដែលកើតចេញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាទំនើប ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានជួបប្រទះនឹងការថមថយនូវចំនួនអ្នកអាន អ្នកស្តាប់ អ្នកទស្សនាមួយផ្នែកដោយសារប្រជាជនបានងាកទៅរកប្រភពព័ត៌មានផ្សេងទៀតដែលផ្តល់តាមរយៈប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គមផងដែរ។

លោកបញ្ជាក់ថា កត្តាខាងលើនេះបានរួមចំណែកបង្កផលវិបាកប៉ះពាល់ដល់ចំណូល ដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណី មួយផ្នែកបានមកពីសេវាផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា ខណៈនិន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ ដោយទាំងនេះជាឥទ្ធិពលនិងផលវិបាកដែលបានកើតចេញពីរបត់នៃការវិវត្តក្នុងយុគសម័យឌីជីថល។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបន្ថែមឱ្យដឹងថា ទោះបញ្ឈប់ការបោះពុម្ភផ្សាយ ប៉ុន្តែសារព័ត៌មានភ្នំពេញបុស្តិ៍នៅតែបន្តផលិត និងផ្តល់ព័ត៌មានជូនប្រជាជននៅគ្រប់ទិសទី តាមរយៈការបន្តការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធឌីជីថល ដែលការនេះនឹងបន្តរួមចំណែកលើកស្ទួយការទទួលព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកឲ្យកាន់តែទូលំទូលាយថែមទៀតផង។

លោក ទេព អស្នារិទ្ធ បានឲ្យដឹងថាទៀតថា កាលពីពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានលើកឡើងថា ការដែលក្រសួងព័ត៌មានបានធ្វើឱ្យ កាសែតកម្ពុជា ដែលជាកាសែតរបស់រដ្ឋមានអាយុ ៤៥ឆ្នាំ និងគ្រប់គ្រងដោយក្រសួងព័ត៌មាន បានដំណើរការផ្សាយឡើងវិញក្រោមការដឹកនាំរបស់រដ្ឋមន្ត្រី គឺដោយសារក្រសួងបានមើលឃើញពីស្ថានភាពអាក្រក់ដែលកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងបរិបទនៃការរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

លោកគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវបត់បែន និងចាប់យកឱកាសនៃភាពរីកចម្រើននេះមកជាប្រយោជន៍សម្រាប់វិស័យព័ត៌មាន ដោយត្រូវផ្តោតនិងជំរុញបន្ថែមលើការផលិត និងផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាព ពោលគឺ៖ ការផ្សព្វផ្សាយលឿន ជាមួយនឹងខ្លឹមសារព័ត៌មានវិជ្ជាជីវៈដែលមានភាពទាក់ទាញ ទទួលបានភាពជឿជាក់បានពីសំណាក់ប្រជាជន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា កិច្ចខិតខំទាំងនេះស្ថិតក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពក្នុងក្របខណ្ឌដែលក្រសួងព័ត៌មាននៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនឲ្យទៅជាស្ថាប័នកិច្ចការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ ក្នុងនោះការផ្តោតលើការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីធានាការទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ សម្រាប់ប្រជាជននៅគ្រប់ទិសទី តាមតម្រូវការ និងទាន់ហេតុការណ៍ ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» និងសម្រាប់គាំទ្រដល់ការធ្វើសមារហណកម្មសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤។

ការនេះទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទពង្រឹង និងពង្រីកវិសាលភាព និងគុណភាពផ្សាយប្រកបដោយភាពច្នៃប្រឌិតក្នុងក្របខណ្ឌនៃការលើកកម្ពស់ក្រមសីលធម៌វិជា្ជជីវៈសារព័ត៌មាន ហើយរួមចំណែកក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ការការពារ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

គួរឱ្យដឹងដែរថា បច្ចុប្បន្នសារព័ត៌មានបោះពុម្ភមានចំនួន ៩២អង្គភាព។ សារព័ត៌មានភ្នំពេញបុស្តិ៍ ជាសារព័ត៌មានប្រពៃណីទីពីរដែលបានជួបនឹងផលវិបាកបែបនេះ បន្ទាប់ពីកាសែតរស្មីកម្ពុជាបានបិទដំណើរការនៃការចេញផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក