ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំជាងគេ នឹងចាប់ផ្តើមបើកការហោះហើរដឹកភ្ញៀវមកកាន់ទីក្រុងភ្នំពេញ ឡើងវិញនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុមEmirates។
អនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Emirates លោក Adnan Kazim បានមានប្រសាសន៍ថា ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរទៅមករាជធានីភ្នំពេញគឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រឹង បណ្តាញអាស៊ីអាគ្នេយ៍ ខណៈបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងរកគោលដៅ ចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។
លោកថ្លែងថា៖ «យើងសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសិង្ហបុរីសម្រាប់ការគាំទ្រក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់សេវាកម្មដឹកភ្ញៀវធ្វើដំណើរក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មនិងផលិតផលឈានមុខគេក្នុងឧស្សាហកម្មរបស់យើង និងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងអស់ទទួលបានសេវាកម្មរបស់យើងដោយរលូន»។
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានប្រភេទកៅអីបីប្រភេទគឺយន្តហោះ Boeing 777-300ERដែលនឹងហោះហើរដឹកអ្នកដំណើរពីទីក្រុងឌូបៃ មកប្រទេសសិង្ហបុរី រួចឆ្ពោះមកទីក្រុងភ្នំពេញ។ ក្រុមហ៊ុនEmirates ក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង ៣០០ តោន ក្នុងមួយសប្តាហ៍សម្រាប់ការដឹកជញ្ជូនទាំងក្នុងនិងក្រៅទីក្រុងភ្នំពេញ។
ទន្ទឹមនេះ សម្រាប់សេវាកម្មថ្មីរបស់ក្រុមហ៊ុន Emirates នឹងផ្តល់ជូនបន្ទប់ឯកជន First Class ចំនួន ៨ កៅអី កៅអីអង្គុយលក្ខណៈបែប Business Class ចំនួន ៤២ កៅអី និងកៅអីធំទូលាយបែប Economy Class ចំនួន ៣១០ កៅអី៕