ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក កើនឡើងចំនួន ៧,៧៤ភាគរយ ពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក បួន សារៈមុនី បានទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន ដែលមានតំណាងមកពី ១៧ក្រុមហ៊ុន ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានចែករំលែកពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលបានកើនឡើងចំនួន ៧,៧៤% ពោលពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។
ជាមួយគ្នានេះ លោក បួន សារៈមុនី ក៏បានស្តាប់អំពីសំណូមពរផ្សេងៗ ដែលបានលើកឡើងដោយសមាជិក US-ABC និងបានជម្រាបជូនគណៈប្រតិភូអាម៉េរិក អំពីគោលនយោបាយថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រសហគមន៍ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដូចជាការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃសម្រាប់ការពារអ្នកប្រើប្រាស់ (CCF App) និង Call Center សម្រាប់សាធារណៈជនទទួលយកសេវាផ្សេងៗរបស់ក្រសួងផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។
គួរឱ្យដឹងដែរថា តំណាងមកពី ១៧ក្រុមហ៊ុន ដែលបានមកពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ក្នុងឱកាសនេះមានដូចជា៖ ក្រុមហ៊ុន Abbott ក្រុមហ៊ុន ADM ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Estée Lauder Companies ក្រុមហ៊ុន FedEx Express ក្រុមហ៊ុន Ford ក្រុមហ៊ុន Jhpiego ក្រុមហ៊ុន Manulife ក្រុមហ៊ុន Mastercard ក្រុមហ៊ុន Meta ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Philip Morris International ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Roche ក្រុមហ៊ុន Tilleke & Gibbins និងក្រុមហ៊ុន Visa៕