ថៃ៖ រដ្ឋមន្ត្រីសុខាភិបាលថៃបានប្រាប់មកកាន់សារព័ត៌មានក្នុងបទសម្ភាសន៍មួយថា នៅដំណាច់ឆ្នាំនេះប្រទេសថៃនឹងធ្វើការហាមឃាត់ការប្រើប្រាស់កញ្ឆាទូទៅ ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឱ្យប្រើប្រាស់រុក្ខជាតិនេះដដែលសម្រាប់គោលបំណងវេជ្ជសាស្រ្ត។ គួរបញ្ជាក់ថា ប្រទេសថៃបានអនុញ្ញាតយ៉ាងទូលំទូលាយសម្រាប់ការប្រើប្រាស់កញ្ឆាក្នុងវិស័យវេជ្ជសាស្រ្តកាលពីឆ្នាំ២០១៨ មុននឹងអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការសប្បាយទូទៅកាលពីឆ្នាំ២០២២ ដែលនាំឱ្យមានការធ្វើអាជីវកម្មកញ្ឆាដុះដាលយ៉ាងទូលំទូលាយនៃទូទាំងប្រទេស ខណៈគេប៉ាន់ស្មានថាអាជីវកម្មកញ្ឆាក្នុងប្រទេសមានតម្លៃប្រមាណជា ១,២ពាន់លានដុល្លារនៅឆ្នាំក្រោយ។
ក្រុមអ្នករិះគន់និយាយថា ច្បាប់មួយចំនួនត្រូវបានប្រញាប់ប្រញាល់ចេញ និងអនុម័តក្នុងពេលឆាប់ៗនេះ ហើយរដ្ឋាភិបាលបានព្រាងច្បាប់ថ្មីមួយដើម្បីគ្រប់គ្រងការប្រើប្រាស់កញ្ឆាដែលរំពឹងថានឹងចូលជាធរមាននៅចុងឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ជលណាន ស្រីកែវ (Cholnan Srikaew) បាននិយាយថា សេចក្តីព្រាងច្បាប់នេះនឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តនៅខែក្រោយ មុននឹងបន្តបញ្ជូនបន្តទៅកាន់សភាជាតិដើម្បីអនុម័តនៅមុនដំណាច់ឆ្នាំនេះ។
លោក Cholnan បាននិយាយនៅថ្ងៃពុធនេះដោយសំដៅទៅលើការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តថា បើគ្មានច្បាប់គ្រប់គ្រងកញ្ឆាទេ វានឹងត្រូវបានប្រើខុសគោលដៅ។ លោកបន្តថា ការប្រើប្រាស់ខុសគោលដៅនេះអាចនាំឱ្យមានផលវិជ្ជមានដល់កុមារ ហើយរយៈពេលយូរទៅមុខអាចនាំឱ្យមានការប្រើប្រាស់ថ្នាំញៀនផ្សេងៗទៀត។
គួរឱ្យដឹងថា រដ្ឋាភិបាលអាណត្តិមុនរងបរាជ័យក្នុងការជំរុញច្បាប់នេះឱ្យទទួលបានការអនុម័តពីរដ្ឋសភា ប៉ុន្តែមិនអាចធ្វើទៅបានឡើយក្រោយពីការបោះឆ្នោតជាតិធ្វើឡើងកាលពីខែឧសភាកន្លងទៅ ដែលបណ្ដាលឱ្យប្រទេសថៃត្រូវស្ថិតនៅក្រោមភាពគ្មានច្បាប់ទម្លាប់នៃការប្រើប្រាស់កញ្ឆា។ រដ្ឋមន្រ្តីសុខាភិបាលថៃថ្លែងថា ចំពោះហាងកញ្ឆាខុសច្បាប់នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មរបស់ខ្លួនទេ ហើយដំណាំកញ្ឆាតាមផ្ទះក៏មិនត្រូវលើកទឹកចិត្តឱ្យប្រជាជនដាំដែរ។ តាមទិន្នន័យរបស់រដ្ឋមន្រ្តីសុខាភិបាលថៃឱ្យដឹងថា ហាងកញ្ឆាខុសច្បាប់បច្ចុប្បន្ននេះមានចំនួនប្រមាណជា ២០,០០០កន្លែងទូទាំងប្រទេស។
សេចក្តីព្រាងច្បាប់បានកំណត់ការផាកពិន័យរហូតដល់ ៦០,០០០បាត (១,៧០០ដុល្លារអាមេរិក) សម្រាប់ការប្រើប្រាស់កញ្ឆាដើម្បីកម្សាន្ត ខណៈអ្នកលក់កញ្ឆាសម្រាប់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្មជំរុញឱ្យមានការប្រើប្រាស់កញ្ឆា ប្រឈមនឹងការជាប់ពន្ធនាគារ ១ឆ្នាំ ឬពិន័យជាប្រាក់ ១០០,០០០បាត ឬផ្តន្ទាទោសទាំងពីរ។ ដោយឡែក ចំពោះការពិន័យលើការដាំកញ្ឆាដោយគ្មានអាជ្ញាបណ្ណប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី១ឆ្នាំ ដល់៣ឆ្នាំ ឬពិន័យជាប្រាក់ចាប់ពី ២០,០០០បាត រហូតដល់ ១០០,០០០បាត៕