សហរដ្ឋអាមេរិក៖ លោក Mitch McConnell ជាមន្រ្តីនយោបាយដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងជាអ្នកនយោបាយជើងចាស់ដែលមានជំហរអភិរក្សនិយម និងជាអ្នករក្សាមតិយ៉ាងរឹងមាំចំពោះការអនុម័តជំនួយទៅកាន់អ៊ុយក្រែន បានប្រកាសនៅថ្ងៃពុធ ទី២៩ ខែកុម្ភៈនេះថា លោកនឹងចាកចេញពីតំណែងជាមេដឹកនាំនៃគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភានាចុងឆ្នាំនេះ។
ការថ្លែងបែបនេះនៅក្នុងសភារបស់លោកបានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ហើយសមាជិកសភានៃគណបក្សធំៗទាំងពីរបានអំពាវនាវឱ្យមានការរក្សាតំណែងរបស់លោកជាបន្ត បើទោះបីជាលោក McConnell មិនទាន់បានប្រកាសជាផ្លូវការនៅឡើយឬយ៉ាងណាជុំវិញការបោះបង់អាសនៈតំណាងរដ្ឋ Kentucky ដែលជាតំណែងរបស់លោកតាំងពីឆ្នាំ១៩៨៥មក។
លោក McConnell ដែលបច្ចុប្បន្នមានវ័យ ៨២ឆ្នាំបានថ្លែងថា៖ "ខ្ញុំឈរនៅចំពោះមុខអ្នកនៅថ្ងៃនេះ! លោកប្រធានាធិបតី និងសហការីទាំងអស់ ខ្ញុំចង់និយាយថានេះគឺជាអាណត្តិចុងក្រោយរបស់ខ្ញុំក្នុងនាមជាមេដឹកនាំនៃគណបក្សសាធារណរដ្ឋ"។ គួរបញ្ជាក់ថា លោក McConnell ថ្លែងបែបនេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា លោកគ្រោងនឹងលាលែងចេញពីតំណែងជាមេដឹកនាំព្រឹទ្ធសភាដែលកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
លោក McConnell គឺជាមេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាចាប់តាំងពីឆ្នាំ២០១៥ និងជាមេដឹកនាំជួរមុខដែលជំទាស់នឹងគោលនយោបាយរបស់លោក Barack Obama អំឡុងការកាន់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។ លោក McConnell បានរួមចំណែកក្នុងការជួយលោក Donald Trump ឱ្យឡើងកាន់អំណាចកាលពីឆ្នាំ២០១៧ និងជាអ្នកដែលបានតស៊ូមតិយ៉ាងស្វិតស្វាញក្នុងការអនុម័តច្បាប់ពាក់ព័ន្ធនឹងការរំលូតកូន កាលពីឆ្នាំ២០២២ កន្លងទៅ៕