US-ABC ស្នើសុំការសម្របសម្រួលក្នុងការងារវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកមកកម្ពុជា
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានស្នើសុំការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការងារវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកមកកម្ពុជា។
ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងារនេះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានស្នើសុំការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការងារវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកមកកម្ពុជា ដោយឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីការត្រៀមខ្លួនរួចរាល់ជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុន។
លោក ស៊ុន ចាន់ថុល តាមរយៈជំនួបនេះក៏បានជម្រាបជូនគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លើទិសដៅធ្វើពិពិធកម្មផលប័ត្រវិនិយោគពីបណ្ដាប្រទេសនានា ដោយហេតុថាកម្ពុជាមានច្បាប់វិនិយោគដែលបើកចំហរទូលាយជូនវិនិយោគិន ពីគ្រប់បណ្ដាប្រទេសទាំងអស់។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុរភាកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងផែនការនេះមានគម្រោងវិនិយោគសរុបចំនួន ១៧៤គម្រោង គ្រោងប្រើប្រាស់ថវិកាវិនិយោគសរុបចំនួន ៣៦,៦ប៊ីលានដុល្លាអាមេរិក។
គួរឱ្យដឹងដែរថា គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) បានចូលជួបសម្ដែងការគួរសម សម្ដេចធិបតីនាយករដ្ឋមន្ត្រី ផងដែរកាលពីព្រឹកមិញនេះ ដោយក្រុមហ៊ុនវិនិយោគមានចំនួន ១៧ក្រុមហ៊ុន ចូលរួមផងដែរ៕