លោក ហ៊ុន ម៉ានី ៖ ប្រជាការពារបានលះបង់ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនាសម្រាប់ប្រជាជន
ភ្នំពេញ ៖ មិនថាក្នុងកាលៈទេសៈណានោះទេ រាជរដ្ឋាភិបាល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ឈរដោយរឹងមាំប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីផលប្រយោជន៌ និងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋគ្រប់រូប”។ នេះគឺជាការលើកឡើងរបស់ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) លោក ហ៊ុន ម៉ានី ក្នុងឱកាសប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនរដ្ឋបាលរាជធានីភ្នំពេញ ប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា “កងកម្លាំង ដែលក្នុងនោះរួមមាន បងៗ ពូៗប្រជាការពារតាមខណ្ឌសង្កាត់ មិនថាក្នុងដំណាក់កាលមុនកូវីដ-១៩ ក្នុងពេលកូវីដ-១៩ ឬតទៅមុខ គឺបានលះបង់កម្លាំងកាយ ពេលវេលាពីគ្រួសារ មិនថាថ្ងៃក្តៅ ភ្លៀង ឬថ្ងៃសម្រាក ហើយមិនថាក្នុងពេលស្ងប់ស្ងៀម ឬពេលចលាចលណាមួយក្នុងការអនុវត្តការងារដើម្បីជួយសម្រួលចរាចរណ៍ ថែរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សុខដុមរមនាសម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ”។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងបង្ហាញនូវការដឹងគុណតាមរយៈការជួយឧបត្ថម្ភសម្ភារៈខ្លះៗ ដល់កងកម្លាំង ប្រជាការពារតាមបណ្តាខណ្ឌ និងសង្កាត់ក្នុងទូទាំងរាជធានីភ្នំពេញ។ អំណោយទាំងអស់មានរហូតដល់ ៣០៥២កញ្ចប់ ដែលក្នុង ១កញ្ចប់ មានថវិកាចំនួន ២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់ ៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ)៕